កីឡា
Top 4 លីគកំពូលគួរឲ្យចាប់អារម្មណ៍ខ្លាំង តែសន្ទុះអ្នកគាំទ្រនៅតែខ្សោយ
ការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២២កាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីគម្លាតពិន្ទុត្រូវបានកាត់បន្ថយនៅសល់តិច។

ការប្រកួតក្នុងសប្តាហ៍ទី២៣ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ វិសាខា ស្វែងរកបាន៣ពិន្ទុពេញពីព្រះខ័នរាជស្វាយរៀង តាមរយៈជ័យជម្នះ ១-០ ក្នុងផ្ទះរបស់ខ្លួន ដូច្នេះការនាំមុខ៦ពិន្ទុរបស់ព្រះខ័នរាជស្វាយរៀងនៅសល់ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។ ពេលនេះ ព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាងមាន៤៦ពិន្ទុ ខណៈលេខ២វិសាខាមាន៤៣ពិន្ទុ។

ជាមួយគ្នានេះ ម្ចាស់ផ្ទះបឹងកេត និងភ្ញៀវភ្នំពេញក្រោនចែកគ្នាបាន១ពិន្ទុម្នាក់ បន្ទាប់ពីចប់៩០នាទីបានត្រឹមស្មើគ្នា១-១។ ក្រុមទាំងពីរខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះគឺភ្នំពេញក្រោនឈរលេខ៣មាន៤០ពិន្ទុ ខណៈបឹងកេតឈរលេខ៤មាន៣៩ពិន្ទុ។

តាមរយៈគម្លាតនាំមុខតែ៣ពិន្ទុរបស់ព្រះខ័នរាជស្វាយរៀងគឺស្ថិតនៅក្នុងកាលៈទេសៈដែលត្រូវប្រឹងប្រែងបំផុតសម្រាប់ការប្រកួតដែលសល់។ វិសាខាកំពុងមានកម្លាំងចិត្តប្រជែងជើងឯកលីគកំពូលកម្ពុជាជាលើកដំបូង បន្ទាប់ពីឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣លើកជាប់គ្នា។

ថ្វីបើការប្រកួតវគ្គ៤ក្រុមចុងក្រោយគួរឲ្យចាប់អារម្មណ៍ខ្លាំង ប៉ុន្តែសន្ទុះអ្នកគាំទ្រនៅរាជធានីភ្នំពេញរបស់ក្លឹបទាំងពីរកាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅតែខ្សោយ។ ការប្រកួតនៅកីឡដ្ឋានរបស់បឹងកេតជាមួយភ្នំពេញក្រោនទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់តែ១៤១៧នាក់ ខណៈវិសាខាជាមួយព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រតែ១០១៩នាក់ប៉ុណ្ណោះ។

ចំនួនអ្នកគាំទ្រខាងលើនេះគឺខ្សោយជាងកាលពីដើមរដូវកាល ក៏ដូចជាខ្សោយជាងការប្រកួតនៅកីឡដ្ឋានតាមខេត្តថែមទៀត។ ទោះបីជាយ៉ាងណា ចំនួនតិចបែបនេះអាចបណ្តាលមកពីការប្រកួតចុងសប្តាហ៍ចំពេលថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកក៏ថាបាន៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


