ព័ត៌មានជាតិ
កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគិរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bear
ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ លោកបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ សត្វព្រៃដែលជាផ្នែកយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែលយើងទងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។

គួររំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់អន្រ្ទង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ០១ ក្បាលមានទម្ងន់ ៧គីឡូ ក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងអប់រំនាពេលកន្លងមក និងជាពិសេសតាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមនិងដឹកនាំដោយក្រសួងបរិស្ថាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃជីវៈចម្រុះ ពីផលប៉ះពាល់នៃអន្ទាក់ និងមានភាពសកម្មក្នុងការចូលរួមរាយការណ៍ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការជួយ សង្គ្រោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមសាច់សត្វព្រៃសូមបញ្ឍប់ការហូបសាច់សត្វព្រៃដើម្បីចូលរួមការពារសត្វព្រៃ និងម្យ៉ាងទៀតសាច់សត្វព្រៃមិនផ្តល់ផលអ្វីល្អសម្រាប់ សុខភាពឡើយ គឺមានតែបង្កផលប៉ះពាល់ដោយសារតែតាមការសិក្សាបែបវិទ្យាសាស្ត្រ សាច់សត្វព្រៃមាន វីរ៉ុសអាក្រក់ៗច្រើន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


