ព័ត៌មានជាតិ
តម្លៃចំណីត្រីឡើងថ្លៃខ្ពស់បង្ខំឱ្យអ្នកចិញ្ចឹមត្រីលក្ខណៈគ្រួសារបោះបង់ចោលទៅចាប់មុខរបរផ្សេង
លោក ឡែមផូរ សុថាវរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមត្រីជាលក្ខណៈគ្រួសារបានសម្រេចចិត្តបោះបង់ចោលមុខរបរចិញ្ចឹមត្រីទៅប្រកបមុខរបរផ្សេងវិញ ដោយសារតម្លៃចំណីត្រីឡើងថ្លៃខ្ពស់បណ្តាលមកពីបញ្ហាសង្គ្រាមរុស្សីអ៊ុយក្រែន។

លោកបានបន្តថា តាមការប៉ាន់ស្មានអំលុងពេលរាតត្បាតជំងឺកូវីដ១៩ការចិញ្ចឹមត្រីមានការធ្លាក់ចុះប្រមាណ៧០ភាគរយ។ប៉ុន្តែបច្ចុប្បន្ននេះបានកើនឡើងប្រមាណ២០ភាគរយ ពោលពី៣០ទៅ៥០ភាគរយតែបរិមាណត្រីនៅបន្តធ្លាក់ចុះដដែលដោយសារតម្លៃត្រីនៅលើទីផ្សារធ្លាក់ថ្លៃដែលបណ្តាលមកពីត្រីធម្មជាតិសម្បូរច្រើន និងចំណីត្រីឡើងថ្លៃដោយសារបញ្ហាសង្គ្រាមរុស្សីអ៊ុយក្រែន។
លោកបានបន្តទៀតថា បើទោះបីជាចំនួនអ្នកចិញ្ចឹមមានការកើនឡើង២០ភាគរយក៏ពិតមែន តែបរិមាណត្រីនៅតែមានចំនួនតិចដដែលមិនហ៊ានចំណាយដើមទុនច្រើនខ្លាចមិនរួចថ្លៃដើមដោយអ្នកចិញ្ចឹមដាក់ត្រីតែ៦០ទៅ៧០ភាគរយប៉ុណ្ណោះមិនហ៊ានដាក់ត្រី១០០ភាគរយដូចមុនទេ ។

លោកបានបញ្ជាក់ថា អ្នកចិញ្ចឹមត្រីកើនឡើង២០ភាគរយភាគច្រើនជាអ្នកចិញ្ចឹមបែបអាជីវកម្ម និងមានវិជ្ជាជីវៈ។ ចំណែកអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារដែលមិនមែនជាអ្នកអាជីពវិញបានបោះបង់ចោលមុខរបរនេះទៀតហើយ ព្រោះពួគាត់ខ្លាចខាត។ លោកបានឱ្យដឹងទៀតថា កាលពីមុនអ្នកចិញ្ចឹមត្រីដែលជាសមាជិករបស់សមាគមវារីវប្បករកម្ពុជាមានចំនួន៦២៨គ្រួសារតែបច្ចុប្បន្ននេះបានធ្លាក់ចុះមកនៅជាង៤០០គ្រួសារដែលពួកគាត់រស់នៅជុំវិញបឹងទន្លេសាបដូចជាខេត្តកំពង់ធំ សៀមរាប ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង។ ក្រៅពីនេះក៏មាននៅខេត្តកំពង់ចាម និងខេត្តកណ្តាលផងដែរ។

ពាក់ព័ន្ធនឹងការចិញ្ចឹមត្រីនេះដែរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះទៅពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រីចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំសូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់ដើម្បីកុំឱ្យផលិតលើសពីតម្រូវការទីផ្សារនាំឱ្យតម្លៃធ្លាក់ចុះ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់អង្គភាពជំនាញ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ និងពន្យល់ណែនាំដល់កសិករអ្នកផលិតឱ្យចេះរៀបចំផែនការផលិត និងវិភាគអំពីការចំណាយ និងប្រាក់ចំណេញចៀសវាងការខាតបង់ថវិកា៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


