សេដ្ឋកិច្ច
តើសេដ្ឋកិច្ចកម្ពុជា នឹងវិវឌ្ឍបែបណា នៅឆ្នាំ ២០២៣?
អ្នកជំនាញសេដ្ឋកិច្ចល្បីៗនៅកម្ពុជា បាននិយាយជុំវិញកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ អំពីដំណើរវិវឌ្ឍ និងបញ្ហាមួយចំនួន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ បានលើកឡើងថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បាននាំចេញ គិតជាថវិកាប្រមាណជាង ១៨ពាន់ដុល្លារ គិតត្រឹម ១១ខែ ឆ្នាំ ២០២២ មានការកើនឡើង ១៩ភាគរយ។ កម្លាំងនៃការកើនឡើងនៅក្នុងឆ្នាំ ២០២២នេះ នឹងកាន់តែជំរុញឱ្យសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ កើនឡើងបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ អាចនឹងពឹងផ្អែកលើវិស័យសារពើពន្ធ ដោយសារការប្រមូលពន្ធមានការកើនឡើងជាបន្តបន្ទាប់លើសផែនការកំណត់ប្រចាំ។

រាជរដ្ឋាភិបាល បានរៀបចំផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគ ដូចជា ច្បាប់វិនិយោគថ្មី ដែលបានប្រកាសឱ្យប្រើប្រាស់ មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន ពិសេសវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ហើយកម្ពុជា ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាច្រើន ពិសេសផ្លូវ វិស័យដឹកជញ្ជូន ភស្តុភាកម្ម និងកំពង់ផែសមុទ្រ ជាដើម។ នេះជាការមើលឃើញរបស់លោកបណ្ឌិត ហុង វណ្ណៈ។
លើសពីនេះទៀត លោកមើលឃើញថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ក៏មានឱកាសក្នុងការបង្ហាញអំពីខ្លួនយើង ទៅកាន់ពីភពលោក តាមរយៈការចូលរួមរបស់មេដឹកនាំធំៗ មកពីបណ្តាប្រទេសមហាអំណាច ដោយបានមើលឃើញអំពីសមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ ហើយរូបភាពទាំងអស់នេះ មេដឹកនាំដែលបានចូលរួមកិច្ចប្រជុំ នឹងជំរុញដល់វិនិយោគិនរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។
ទន្ទឹមនឹងនេះ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយយូរអង្វែង ក៏ជាការបើកផ្លូវឱ្យកម្ពុជា ស្រូបទាញបានវិនិយោគិនពីខាងក្រៅផងដែរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេសឯកោនោះទេ ដោយកម្ពុជា តែងធ្វើសមាហរណកម្មរបស់ខ្លួនជាបន្តបន្ទាប់ ពោលគឺបានបង្កើនកិច្ចព្រមព្រៀងនៅក្នុងតំបន់ និងពិភពលោកជាច្រើន។
តាមរយៈហេតុផលទាំងអស់នេះ លោក បណ្ឌិត ហុង វណ្ណៈ រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចស្ថិតក្នុងរង្វង់ ៥,៥% ទៅ ៦% នៅឆ្នាំ ២០២៣។ បើទោះជាមើលឃើញអំពីសញ្ញាល្អច្រើនក៏ពិតមែន តែបញ្ហាវិបត្តិសកលក៏មិនទាន់ចប់នៅឡើយ ដូចជា វិបត្តិកូវីដ ជម្លោះអ៊ុយក្រែន រុស្ស៊ី និងបញ្ហាអតិផរណាជាដើម ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវដោះស្រាយ។
ចំណែកលោក បណ្ឌិត គី សីរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា មើលឃើញដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៣ អាចមានល្បឿនប្រហាក់ប្រហែលនឹងឆ្នាំ ២០២២ដែរ។ ដោយសារតែបញ្ហាសេដ្ឋកិច្ចសកលបានរារាំងមួយចំនួនលើវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ដើម្បីឱ្យកំណើនសេដ្ឋកិច្ចលូតលាស់បានលឿន រាជរដ្ឋាភិបាល ត្រូវបំប៉នវិស័យសំខាន់ពីរ គឺទី១ វិស័យកសិកម្ម ព្រោះវិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត។ ត្រូវជំរុញការផលិតក្នុងបរិមាណច្រើន ដោយសារបរិមាណច្រើន ទោះជាថ្លៃថោកក៏នៅតែចំណេញ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ពន្យល់ដូច្នេះថា «យើងគិតការចំណាយមួយហិកតា បានមកវិញនូវទិន្នផលខ្ពស់ ទោះថ្លៃទាបបន្តិចមែន តែអ្នកទិញៗច្រើន មានឱកាសប្រកួតប្រជែង ដែលគិតជាទឹកប្រាក់សរុបមួយហិកតា យើងបានចំណូលច្រើនជាងមុន។ កាលណាយើងផលិតលើស ក៏ដូចជាការលើកកម្ពស់ការកែច្នៃ ក្នុងវិស័យ SMEផងដែរ។ ដូច្នេះរដ្ឋាភិបាល ដែលដាក់គោលនយោបាយហើយ ត្រូវតែផ្សព្វផ្សាយជំរុញគោលនយោបាយនេះ ឱ្យទទួលបានជោគជ័យ ទើបធ្វើឱ្យវិស័យ SME ដំណើរការខ្លាំង ជំរុញ និងការអភិវឌ្ឍវិស័យផលិតកម្មក្នុងស្រុករីកចម្រើនរឹងមាំ នៅក្នុងប្រទេស»។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ថា កសិផលយើងផលិតបានសល់មានតម្លៃទាប យើងយកមកកែច្នៃអស់ថ្លៃដើមតិច ទទួលបានប្រាក់ចំណេញ លើកកម្ពស់ការនាំចេញផលិតផលកែច្នៃរបស់យើងថែមទៀត។
មួយវិញទៀត កម្ពុជា មានការលើកទឹកចិត្តឱ្យមានការផលិតឧស្សាហកម្មធុនធ្ងន់ ដោយបង្កើតឱ្យមានខ្សែច្រវ៉ាក់ផលិតកម្ម ដូចជាគ្រឿងបន្លាស់នានានៅស្រុក ខណៈដែលកម្ពុជា មានរោងចក្របង្គុំរថយន្ត ម៉ូតូ កង់ ដែលជាផ្នែកសំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានសម្ទុះកាន់តែខ្លាំងនៅឆ្នាំ ២០២៣។
ជាមួយគ្នានេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា ចិន បានលើកឡើងថា កម្ពុជា ជាប្រទេសអាស៊ីតែមួយគត់ ដែលប្រើប្រាស់ប្រាក់ដុល្លារ ជាផ្នែកមួយទាក់ទាញ សម្រាប់ FDI ដើម្បីការពារអ្នកវិនិយោគពីការប្រែប្រួលរូបិយប័ណ្ណ។ លើសពីនេះទៀត បំណុលផលិតផលជាតិសរុបកម្ពុជា មានត្រឹមតែ 40% ប៉ុណ្ណោះ ដែលស្ថាប័នហិរញ្ញវត្ថុធំៗដូចជា ADB, IMF និង World Bank សរសើរថា កម្ពុជាមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់រយៈពេលមធ្យម ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលវិនិយោគច្រើនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


