Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ចែកមុងជ្រលក់ថ្នាំទៅប្រជាជន ៣ឃុំ នៅខេត្តព្រះសីហនុ ដើម្បីប្រឆាំងនឹងជំងឺគ្រុនចាញ់

បានផុស

នៅ

លោកស្រី ម៉ុម ថានី ប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានចុះចែកមុងជ្រលក់ថ្នាំ និងអំណោយផ្សេងទៀត ដល់ប្រជាជន ៣ឃុំ ដែលរស់នៅខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់នូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖ ក្រសួងបរិស្ថាន

ការចែកមុងជ្រលក់ថ្នាំ និងអំណោយមួយចំនួនដល់ប្រជាជនចំនួន៣ឃុំ មានដូចជានៅ​ក្នុងឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកស្រី ម៉ុម ថានី បានមានប្រសាសន៍កំឡុងពេលចែកជូននូវមុងជ្រលក់ថ្នាំនេះថា ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល បានសហការគ្នាយ៉ាងល្អ ដើម្បីប្រយុទ្ធប្រឆាំងចំពោះជំងឺគ្រុនចាញ់ និងគ្រុនឈាមដល់ប្រជាជនដែលរស់នៅតាមសហគមន៍មូលដ្ឋាន និងតំបន់ការពារធម្មជាតិ សម្រេចឱ្យបាននូវយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំឆ្នាំ២០២៥។ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺនេះ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

រូបភាព៖ ក្រសួងបរិស្ថាន

ដោយឡែក ខេត្តគោលដៅចំនួន៦ ដែលនៅតែមានឆ្លងជំងឺគ្រុនចាញ់មានដូចជា ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ។ រីឯ ខេត្តព្រះសីហនុ គឺអាចទប់ស្កាត់នូវជំងឺគ្រុនចាញ់នេះបាន ក៏ប៉ុន្តែ ថ្មីៗនេះ នៅខេត្តព្រះសីហនុ ហាក់មានករណីឆ្លងជំងឺគ្រុនចាញ់គួរឱ្យព្រួយបារម្ភ។ ដោយមើលឃើញពីបញ្ហានេះ ក្រសួងបរិស្ថាននៅតែបន្តខិតខំផ្សព្វផ្សាយ អំពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមឱ្យបានគ្រប់ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ុម ថានី។

ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម នៃក្រសួងបរិស្ថានរូបនេះ ក៏បានណែនាំដល់ប្រជាជន ឱ្យសម្រាន្តនៅក្នុងមុងជ្រលក់ថ្នាំ ថែរក្សាអនាម័យ ព្រមទាំងបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ដើម្បីចៀសវាងពីជំងឺគ្រុនចាញ់ និងគ្រុនឈាម។

រូបភាព៖ ក្រសួងបរិស្ថាន

គួររំលឹកថា ការចុះចែកមុងជ្រលក់ថ្នាំរបស់លោកស្រី ម៉ុម ថានី ក៏មានការចូលរួមពីលោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងបានចែកមុងជ្រលក់ថ្នាំដល់ប្រជាជន ចំនួន ១០០មុង និងគ្រឿងបរិភោគ រួមមាន អង្ករ១,០០០គីឡូ មី១០០កេស និងថវិកាសរុបចំនួន២លានរៀល។ ទន្ទឹមនោះ ក៏មានដំណើរចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយខ្យល់កន្ទ្រក់ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ១០គីឡូ មី១កេស ម៉ុងជ្រលក់ថ្នាំចំនួន១ និងថវិកា២ម៉ឺនរៀល៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម