ព័ត៌មានជាតិ
ប្រើពេល ១ ឆ្នាំទៀត ទើបដឹងលទ្ធផលពីការចុះបញ្ជីម៉ាកក្ដាមថ្មខេត្តកោះកុង
១ ឆ្នាំ ខាងមុខទៀត ទើបខេត្តកោះកុង អាចដឹងពីលទ្ធផលលើគម្រោងសិក្សាចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ក្រោយមានអ្នកជំនាញការផ្នែកកម្មសិទ្ធិបញ្ញាអន្តរជាតិប្រមូលព័ត៌មាន និងវាយតម្លៃផលិតផលក្ដាមថ្ម។

លោក សាលីម ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១១ ខែកុម្ភៈ នេះថា ក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធី នៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្ដាមថ្មកោះកុង។

លោក ហ្វារីត បន្ថែមទៀតថា ទោះយ៉ាងណា គេមិនទាន់អាចផ្ដល់ចម្លើយបានភ្លាមៗទេ អំពីការសម្រេចថាត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រក្តាមថ្មខេត្តកោះកុង ដោយអាចប្រើប្រាស់ពេលវេលា ១ ឆ្នាំ ទៅ ២ ឆ្នាំទៀត ខណៈក្រុមការងារជំនាញកំពុងប្រមូលទិន្នន័យពីមន្ត្រីជលផល អ្នកនេសាទ និងឈ្មួញកណ្ដាលទិញលក់បន្តទៅកាន់រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ។

លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង សង្កត់ធ្ងន់ដែរថា ក្រុមការងារពាក់ព័ន្ធនឹងត្រូវបើកកិច្ចប្រជុំពិភាក្សារួមគ្នាជាច្រើនលើកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រអំពីក្តាមថ្មខេត្តកោះកុង ចៀសវាងមិនការក្លែងបន្លំគុណភាព និងការពារកម្មសិទ្ធិបញ្ញាស្របច្បាប់ពេញមួយជីវិត។

លោក Peter Damary ជំនាញការអន្តរជាតិ នៃអង្គការ WIPO បានចុះពិនិត្យ និងស្រង់ព័ត៌មានមួយចំនួនពីអ្នកលក់ក្តាមថ្មនៅតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប ជាគោលដៅតំណាងឲ្យខេត្ត ដោយលោកមិនទាន់អាចផ្តល់លទ្ធផលបានភ្លាមៗនោះទេ ពីការងារមួយនេះ ពោលរង់ចាំទទួលបានព័ត៌មានរួចរាល់ជាមុនសិន។

អ្នកជំនាញអន្តរជាតិម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ពិភពលោករូបនេះ អះអាងថា នៅពេលក្តាមថ្មខេត្តកោះកុង ត្រូវបានកំណត់ចុះបញ្ជីម៉ាកទទួលស្គាល់ដោយអន្តរជាតិ ក្រុមម្ចាស់ផលិតផលកម្មសិទ្ធិបញ្ញា នឹងទទួលបានប្រយោជន៍ជាច្រើនស្របច្បាប់ និងប្រាក់ចំណូលខ្ពស់ពីការលក់ដូរក្តាមថ្មទាំងនេះនៅលើទីផ្សារ។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានបង្ហាញថា ខេត្តកោះកុង ជាខេត្តដែលមានផលិតផលសក្ដានុពលផ្នែកជលផល និងកសិកម្មជាច្រើន ដែលក្រសួងពាណិជ្ជកម្មបានកំណត់ រួមមាន ៖ បង្គាក្រៀមកោះកុង ខ្យងចំពុះទា ស្រាចេក និងទុរេនថ្មបាំង និងខ្លឹមចន្ទន៍ផងដែរ។

ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីចុះសិក្សាស្រាវជ្រាវ និងរៀបចំចុះបញ្ជី “សំបុក និងទឹកមាត់ត្រចៀកកាំតំបន់ឆ្នេរសមុទ្រ” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅចុងខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលរួមមាន ៖ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


