ព័ត៌មានជាតិ
បណ្ឌិត្យសភានគរបាលកម្ពុជា បណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិបានជាង ១០ម៉ឺននាក់ហើយ ចាប់តាំងពីឆ្នាំ ១៩៩៣មក
ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិបានជាង ១០ម៉ឺននាក់ហើយ។ នេះបើតាមការឲ្យដឹងពីលោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានឲ្យដឹងថា ក្នុងពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន បណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្ដែងនៃការបណ្ឌុះបណ្ដាល ដោយផ្អែកលើផែនការ កម្មវិធីកំណែទម្រង់ កម្មវិធីអប់រំ ស្តង់ដាគុណភាព បទប្បញ្ញត្តិ គោលការណ៍នានា និង អភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក ១ គឺការចេះមើលឃើញចំណុចខ្វះខាត។

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានឲ្យដឹងបន្តថា ក្នុងន័យនេះ ដើម្បីបំពេញភារកិច្ចស្នូលក្នុងការកសាងធនធាននគរបាលជាតិ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ គិតចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០២៣ បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិបានសរុប ១,៤២២វគ្គ ដោយមានអ្នកសិក្សាជាមន្ត្រីនគរបាលសរុប ១០៩,៤៣៨នាក់។ ក្នុងនោះ រួមមាន៖ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨៣០នាក់ បរិញ្ញាបត្រ ១,៩៧៦នាក់ វគ្គបំប៉នជំនាញឯកទេសខ្លីៗ និងវគ្គបឋមវិជ្ជាជីវៈនគរបាលក្របខណ្ឌជ្រើសរើសថ្មីសរុបចំនួន ១០៦,៦៣២នាក់។

បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបណ្តុះបណ្តាលដល់មន្ត្រីពន្ធនាគារ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៣នេះ មាន ៣២វគ្គ ដោយមានអ្នកសិក្សាជាមន្ត្រីពន្ធនាគារសរុប ២,០១០នាក់ នារី ២១២នាក់។

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា «បណ្ឌិត្យសភាគឺជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ដែលតម្រូវឲ្យមានការហ្វឹកហាត់សកម្មស្វិតស្វាញ ព្រមទាំងតម្រូវឲ្យមានការគោរពវិន័យតឹងតែង ដោយមានលក្ខណៈខុសគ្នាពីការបណ្ដុះបណ្ដាលបែបជនស៊ីវិល។ ចំពោះវិន័យដែលនិស្សិតត្រូវអនុវត្ត រួមមាន វិន័យសិក្សា វិន័យប្រឡង វិន័យស្នាក់នៅ និងវិន័យទូទៅ ព្រមទាំងមានកម្មវិធីគ្រប់គ្រងនិស្សិតច្បាស់លាស់ ២៤/២៤ម៉ោង ស្របតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់»។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល បណ្ឌិត្យសភានគរបាលកម្ពុជា បានកំណត់នូវលក្ខខណ្ឌ ទទួលបានសញ្ញាបត្រ និងបានកំណត់លទ្ធផលសិក្សារំពឹងទុកច្បាស់លាស់ ដើម្បីឲ្យនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលបានចំណេះដឹង ជំនាញ និងការអប់រំអាកប្បកិរិយាល្អ ដូចខាងក្រោម៖

១-មានសមត្ថភាពអាចប្រើប្រាស់ជំនាញវិជ្ជាជីវៈនគរបាលអាជីពបានល្អ ព្រមទាំងយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
២-អាចប្រើក្បាច់គុនតៃក្វាន់ដូ ហាប់គីដូ កម្រិតខ្សែក្រវ៉ាត់ខ្មៅ១ដាន់ សម្រាប់ការពារខ្លួន និងចាប់ជនល្មើស។
៣-អាចប្រើបច្ចេកទេសវាយខ្នោះរហ័ស និងប្រើប្រាស់អាវុធវែងខ្លី។
៤-អាចឆ្លងកាត់ឧបសគ្គលំបាកៗតាមស្ថានភាពជាក់ស្ដែង។
៥-អាចអនុវត្តកាយវិការលំហាត់របៀប គោរពគំនាប់បានត្រឹមត្រូវ និងស្ទាត់ជំនាញ។
៦-មានកាយសម្បទារឹងមាំ និងសុខភាពល្អ។
៧-មានអក្បកិរិយា ឥរិយាបទល្អ និងសីលធម៌រស់នៅល្អ គោរពច្បាប់ គោរពវិន័យ និងទំនាក់ទំនងល្អ។

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ទៀតថា ចំពោះការវាយតម្លៃការសិក្សា បណ្ឌិត្យសភា បានអនុវត្តតាមនិយាមបច្ចេកទេសត្រឹមត្រូវច្បាស់លាស់ ដែលក្នុងនោះរួមមានទី១-គឺការវាយតម្លៃជាប់ជាប្រចាំ តាំងពីការចាប់ផ្ដើមការសិក្សា ដែលផ្ដល់ពិន្ទុទៅលើការគោរពវិន័យ ដូចជា វត្តមានសិក្សា សកម្មភាពក្នុងថ្នាក់ ការប្រជុំជួរ ការហ្វឹកហាត់ពង្រឹងកាយសម្បទា ការប្រឡងពាក់កណ្ដាលមុខវិជ្ជា។ ទី២-គឺការវាយតម្លៃសរុបដែលផ្ដល់ពិន្ទុ លើការប្រឡងបញ្ចប់ឆមាសនីមួយៗ និងការប្រឡងបញ្ចប់វគ្គសិក្សាទាំងមូល។ បន្ថែមលើនេះ បណ្ឌិត្យសភាបានតម្រូវឲ្យមានការចុះធ្វើកម្មសិក្សានៅអង្គភាពនគរបាលនានា និងសរសេររបាយការណ៍ស្រាវជ្រាវផងដែរ។ តាមគោលការណ៍ដែលបានកំណត់ និស្សិតដែលទទួលបានពិន្ទុមធ្យមភាគសរុប ចាប់ពី ៦០ភាគរយឡើងទៅ ត្រូវបានចាត់ថាជានិស្សិតជ័យលាភី។
លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានគូសបញ្ជាក់ថា ដើម្បីរក្សាបាននូវវប្បធម៌គុណភាព ក្នុងការសម្រេចឲ្យនិស្សិតប្រឡង «ជាប់» ឬទទួលបាននិទ្ទេសកម្រិតណាមួយ ឬ«ធ្លាក់» ឬលុបឈ្មោះចេញពីវគ្គសិក្សា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និងគោលការណ៍គុណភាព ពោលគឺគុណភាពមិនអាចសម្របសម្រួលបាននោះទេ៕
សរុបសេចក្ដីមក បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនទាក់ទងនឹងការបណ្ដុះបណ្ដាល និងការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ស្របតាមកម្មវិធីកំណែទម្រង់ និងផែនការយុទ្ធសាស្ត្រដែលបានកំណត់។
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


