Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ប្រជែងនឹងថៃ

បានផុស

នៅ

កម្ពុជាគ្រោងស្នើដាក់បញ្ជូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ប្រជែងនឹងថៃ។ នេះជាការបង្ហើបឱ្យដឹងពីសំណាក់លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីសន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ លោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”

(ទិដ្ឋភាព​នៃ​ការ​លាតសន្ធឹង​ក្រមា​​ដែលត្បាញដោយដៃមានប្រវែងវែងបំផុត ជាប់កំណត់ត្រាពិភពលោក កាលពីឆ្នាំ២០១៨។ រូបថតGoogle)

ជុំវិញបញ្ហានៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

បើតាមសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក

ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ​ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយកម្ពុជាថ្មីថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”។

ជាមួយគ្នានេះ លោក គង់ ពុទ្ធិកា ក៏បង្ហាញក្ដីសង្ឈឹមជឿជាក់លើ ក្រុមការងារ​ដែលរៀបចំឯកសារចុះបញ្ជីក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ នឹងគិតគូរត្រៀមប្រកួតប្រជែង យកបញ្ហាក្រមាដែលកំពុងកើតឡើងរវាងកម្ពុជា-ថៃនេះ ធ្វើជាបញ្ហាអាទិភាពដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យក្រមារបស់ខ្មែរបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម