ព័ត៌មានជាតិ
សហជីពដាក់សំណើ ១១ ចំណុច ជូនរដ្ឋាភិបាល ជួយដោះស្រាយក្តីកង្វល់របស់ កម្មករ សម្រាប់ឆ្នាំ ២០២៤
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៧ កញ្ញានេះថា ភាគីសហជីពបានឯកភាពគ្នាដាក់សំណើចំនួន ១១ ចំណុច ជូនរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាក្តីកង្វល់របស់កម្មករនិយោជិតសម្រាប់ឆ្នាំ ២០២៤ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេរស់នៅបានសមរម្យ។

លោកបានបន្តថា សំណើចំនួន ១១ ចំណុច រួមមាន ៖ ១.ស្នើសុំប្រាក់ឈ្នួលអប្បបរមាថ្មីដែលបានដំឡើង បូកបន្ថែមពីលើប្រាក់ឈ្នួលរបស់កម្មករនិយោជិត ដែលមានស្រាប់។ ២.ស្នើសុំបន្តបញ្ចុះតម្លៃទឹកភ្លើង និងតបណ្តាញទឹក និងភ្លើងបន្ថែមដល់ផ្ទះជួលរបស់កម្មករនិយោជិតនៅកន្លែងដែលមិនទាន់បានតភ្ជាប់។ ៣.ស្នើសុំក្រុមហ៊ុនផ្តល់រថយន្តដឹកជញ្ជូនកម្មករដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយឥតគិតថ្លៃ ឬ បន្ថែមប្រាក់លើមធ្យោបាយធ្វើដំណើរ ឬ ថ្លៃស្នាក់នៅរបស់កម្មករ ចំនួន ៨ ដុល្លារអាមេរិក បន្ថែមពីលើប្រាក់មានស្រាប់ចំនួន ៧ ដុល្លារអាមេរិក សរុបចំនួន ១៥ ដុល្លារអាមេរិក ក្នុងមួយខែៗ។ ៤.ស្នើសុំនិយោជកផ្តល់អាហារថ្ងៃត្រង់ ឬ ប្រាក់ចំនួន ១ ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ជូនដល់កម្មករ។ ៥.ស្នើសុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតលើវិស័យផ្សេងទៀត ដូចទៅនឹងកម្មករវិស័យកាត់ដេរ។ ៦.ស្នើសុំបេឡាជាតិសន្តិសុខសង្គម ពង្រីកការចុះបញ្ជីសមាជិក និងពង្រឹងសេវារបបសន្តិសុខសង្គម ឲ្យមានគុណភាពល្អ ជាពិសេសជំរុញអធិការកិច្ចចុះត្រួតពិនិត្យ និងផាកពិន័យឲ្យបានធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនណាដែលបានលាក់ចំនួនកម្មករ និងមិនបានចុះបញ្ជីកម្មករ និងជំរុញក្រសួងសុខាភិបាលចាត់វិធានការឲ្យបានធ្ងន់ធ្ងរចំពោះគ្រូពេទ្យ ឬ មន្ទីរពេទ្យណាមួយ ដែលមានការរើសអើង និងមិនបានគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈពេលព្យាបាលអ្នកជំងឺ។ ៧.ស្នើសុំបេឡាជាតិសន្តិសុខសង្គមចុះបញ្ជីជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ ឲ្យទទួលបានរបបផ្នែកថែទាំសុខភាព និងរបបប្រាក់សោធនដូចកម្មករនិយោជិតទូទៅដែរ។ ៨.ស្នើសុំបន្តផ្តល់បណ្ណមូលនិធិសមធម៌ជូនកម្មករក្រៅប្រព័ន្ធឡើងវិញ ដោយមិនចាំបាច់បញ្ជាក់មុខរបរពីអាជ្ញាធររាជធានី-ខេត្តឡើយ។ ៩.ស្នើសុំឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពដែលបានបញ្ឈប់ និងបញ្ចប់កិច្ចសន្យាការងារ ឲ្យចូលធ្វើការវិញ រួមទាំងសងនូវប្រាក់រំលឹក ព្រមទាំងទម្លាក់ចោលរាល់ការចោទប្រកាន់នានាក្នុងប្រព័ន្ធតុលាការ និងដោះស្រាយវិវាទដែលជាប់គាំងទាំងអស់កន្លងមក។ ១០.ស្នើសុំដាក់ពិន័យឲ្យបានធ្ងន់ធ្ងរ និងលុបបំបាត់ចំពោះក្រុមហ៊ុនម៉ៅការបន្តដែលខុសច្បាប់ និង ១១.ស្នើសុំឧបត្ថម្ភសាច់ប្រាក់ឲ្យបានចំនួន ៥០% នៃប្រាក់ឈ្នួលគោលពីក្រុមហ៊ុន និងពីរដ្ឋាភិបាល តាមរយៈមូលនិធិជំនួយសង្គមដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ និងបាត់បង់ការងារ ដូចកម្មករក្នុងវិស័យកាត់ដេរដែរ។ ចំណែកភាគីនិយោជកវិញបានដាក់សំណើជួយដោះស្រាយតែមួយទេ គឺពាក់ព័ន្ធនឹងបញ្ហាភស្តុភារកម្មដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម។

ឧកញ៉ា ណាង សុធី អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ តំណាងភាគីនិយោជក ធ្លាប់បានមានប្រសាសន៍ថា ភាគីនិយោជកបានដាក់សំណើតែមួយគត់ដល់រាជរដ្ឋាភិបាលជួយដោះស្រាយគឺភស្តុភារកម្ម ក្នុងនោះស្នើឲ្យរដ្ឋាភិបាលជួយសម្រួលបញ្ចុះតម្លៃ ៣៥% នៃកញ្ចប់បង់ប្រចាំថ្ងៃ។
ឧកញ៉ា ណាង សុធី បានបន្តថា ការស្នើឲ្យរដ្ឋាភិបាលបញ្ចុះភស្តុភារកម្ម ៣៥% នេះ ព្រោះថាបច្ចុប្បន្ននេះភស្តុភារកម្មជាចំណុចដែលអ្នកវិនិយោគកំពុងប្រឈម និងជួបការលំបាកដោយសារមានការចំណាយច្រើនលើសតាមបណ្ដាប្រទេសនានានៅទ្វីបអាស៊ីអាគ្នេយ៍។
ឧកញ៉ា ណាង សុធី បានបន្តថា «ការបញ្ចុះភស្តុភារកម្មនេះវាជាអំណោយផលល្អ នៃកិច្ចពិភាក្សាប្រាក់ឈ្នួលឆ្នាំ ២០២៥ ខាងមុខ ដែលនៅសល់ពេលវេលាតែ ៩ ខែទៀតប៉ុណ្ណោះ ហើយប្រសិនបើរដ្ឋាភិបាលជួយសម្រួលបញ្ហានេះបាន ការពិភាក្សាប្រាក់ឈ្នួលនឹងមានលទ្ធភាពច្រើនជាង និងងាយស្រួលជាង»។
បើតាម ឧកញ៉ា ណាង សុធី សង្ឃឹមថា សំណូមពររបស់ភាគីនិយោជកនេះ រដ្ឋាភិបាលនឹងពិចារណា និងដោះស្រាយ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ក្នុងកម្មវិធីជំនួបរាជរដ្ឋាភិបាលជាមួយវិស័យឯកជនខាងមុខ
ជាមិនខានឡើយ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំលើកចុងក្រោយនៅថ្ងៃទី ២៨ កញ្ញាស្អែកនេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។ ត្រីភាគី បានដាក់តួលេខរៀងៗខ្លួនរួចហើយ ក្នុងនោះភាគីសហជីពបានដាក់តួលេខចំនួន ២ គឺ ២០៤ ដុល្លារ និង ២១៣ ដុល្លារ ភាគីនិយោជកដាក់តួលេខ ២០១,៥ ដុល្លារ និងភាគីរាជរដ្ឋាភិបាលដាក់តួលេខ ២០២ ដុល្លារ ខណៈបច្ចុប្បន្នកម្មករទទួលបានប្រាក់ឈ្នួល ២០០ ដុល្លារ ក្នុង ១ ខែ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


