ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀស ប៉ុន្តែតើពួកគេត្រូវទៅណា បើគ្រាប់បែកនៅតែធ្លាក់គ្រប់កន្លែង អ៊ីចឹង?
យោធាអ៊ីស្រាអែល បានបញ្ជាឲ្យជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាភាគខាងត្បូង ទាំងដែលខ្លួនមិនព្រមបញ្ឈប់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ ក្រោយបទឈប់បាញ់កន្លងផុតទៅកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ប៉ុន្តែប៉ាឡេស្ទីននិងក្រុមសិទ្ធិមនុស្ស បានចោទជាសំណួរថា ហេតុអ្វីពីមុន អ៊ីស្រាអែលសម្រេចចិត្តទម្លាក់គ្រាប់បែកនៅភាគខាងត្បូង ដែលខ្លួនប្រកាសថាជាតំបន់សុវត្ថិភាពទៅវិញ?

ហេតុនេះហើយ ធ្វើឲ្យប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា ខ្លាចរអាមិនហ៊ានទៅណាទៀតឡើយ ស្របពេលដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាភាគខាងជើងរួចទៅហើយ ចាប់តាំងពីថ្ងៃទី១៣ ខែតុលា នៅពេលដែលយោធាអ៊ីស្រាអែលបញ្ជាឲ្យជម្លៀសប្រជាជនទៅកាន់ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោង ខណៈប្រជាជនប៉ាឡេស្ទីនជាង ១៥,៥០០ នាក់ត្រូវបានសម្លាប់ ហើយតំបន់ហ្គាហ្សាភាគខាងជើង ត្រូវកម្ទេចដោយការទម្លាក់គ្រាប់បែកមិនប្រណីដៃ ។
យោងតាមទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៩៥៨,០០០ នាក់ បានផ្លាស់ទីលំនៅក្នុងជម្រករបស់ UNRWA ចំនួន ៩៩ ទាំងនៅកណ្តាល និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។ OCHA រាយការណ៍ទៀតថា ជម្រករបស់ UNRWA នៅទីក្រុង Khan Younis ឥឡូវនេះមានមនុស្សរស់នៅកកកុញ និងគ្មានអនាម័យឡើយ ជាហេតុបង្កការផ្ទុះឡើងនៃមេរោគឆ្លង និងជំងឺនានាដូចជាជំងឺរលាកថ្លើមប្រភេទ A ជាដើម។
អ៊ីស្រាអែល ប្រកាសថា ទីក្រុង Khan Younis គឺជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ ក្រោយបទឈប់បាញ់បានបញ្ចប់ ហើយពួកគេក៏បើកការវាយលុកទីក្រុងធំបំផុតទីពីរ ដែលមានប្រជាជនរស់នៅប្រមាណ ៤៣ ម៉ឺននាក់មួយនេះតែម្តង ។

កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានកំណត់ឲ្យអ្នកក្រុង Khan Younis ប្រហែល ២០ ភាគរយត្រូវជម្លៀសជាបន្ទាន់ផងដែរ ។ យ៉ាងណាទោះអ៊ីស្រាអែលចេញបញ្ជាជម្លៀសក៏ពិតមែន តែពួកគេនៅតែបន្តទម្លាក់គ្រាប់បែកដដែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៨០០ នាក់នៅក្នុងតំបន់ហ្គាហ្សា នារយៈពេល ៣ ថ្ងៃកន្លងមកនេះ ។
មុនបទឈប់បាញ់បញ្ចប់ ទីក្រុង Khan Younis គឺជាកន្លែងដែលគេកំណត់ថាមានសុវត្ថិភាព ហើយប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅចំនួន ២១៥,០០០ នាក់ កំពុងស្នាក់នៅក្នុងជម្រករបស់ UNRWA ចំនួន ៣៤ នៅទីនោះ។
ហើយកាលពីថ្ងៃសុក្រ ទី១ខែធ្នូ កងទ័ពអ៊ីស្រាអែល បានបញ្ចេញផែនទីតាមអ៊ីនធឺណិត ដោយបែងចែកតំបន់នេះជាប្លុកជាង ៦០០ផ្សេងពីគ្នា។ ផែនទីនោះ បានស្នើឲ្យជនស៊ីវិលហ្គាហ្សា ត្រូវស្គាល់ពីប្លុកនៅជិតតំបន់រស់នៅរបស់ពួកគេ និងត្រូវជម្លៀសចេញពេលដែលមានបញ្ជា។

ទោះបីជាយ៉ាងណាក៏ដោយ ខិត្តប័ណ្ណប្រាប់ឲ្យជម្លៀសដែលចែកចាយជាបន្តបន្ទាប់ គឺមិនដូចការព្រមានតាមអ៊ីនធឺណិតឡើយ ហេតុនេះហើយធ្វើឲ្យប្រជាជនស្រឡាំងកាំងតែម្តង ដោយមិនដឹងថាត្រូវទៅទីណា។
ជាងនេះទៅទៀត ប្រជាជនហ្គាហ្សាជាច្រើន មិនមានលទ្ធភាពចូលមើលផែនទីដែលបង្ហោះលើអ៊ីនធឺណិតបានឡើយ ព្រោះហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ត្រូវបានបំផ្លាញ។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងកំណត់តំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ។ ប៉ុន្តែអ្នកកាសែត Al Jazeera និងប្រជាជនបានសម្តែងក្តីបារម្ភថា វាពិបាកក្នុងការធ្វើតាមបញ្ជាទាំងនេះក្នុងពេលវេលាជាក់ស្តែងណាស់ ព្រោះវាពិតជាគ្មានទីជម្រក និងកន្លែងសុវត្ថិភាពពិតមែន។
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា UNRWA បានរាយការណ៍ថា មានជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ១៩១ នាក់ដែលកំពុងរស់នៅក្នុងជម្រក ត្រូវបានសម្លាប់ និង ៧៩៨ នាក់រងរបួស ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


