Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ១៣ ម៉ឺននាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៣ ម៉ឺន​នាក់ បាន​ចូល​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ក្នុង​នោះ​បុគ្គល​ស្វ័យ​និយោជន៍​ជាង ១១ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៣១ មករា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៤ ប​.​ស​.​ស បាន​ចុះ​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សរុប​ចំនួន ១៣១ ៨៨៤ នាក់ ក្នុង​នោះ បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ១១៣ ៦២៩ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ១៨ ២៥៥ នាក់។

លោក​បាន​បន្ត​ថា ជាមួយ​គ្នា​នេះ​ដែរ មាន​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រ​ចិត្ត​បាន​ទៅ​ប្រើប្រាស់​សេវា​មាន​ចំនួន ៧១ ៨៧០ ដង​។ ដោយឡែក ការ​ចំណាយ​តាវកាលិក​ទូទាត់​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ១ ៤១៥,៥០ លាន​រៀល។

ទន្ទឹម​នឹង​នេះ លោក​បាន​បន្ត​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៩ មករា ប​.​ស​.​ស បាន​ចុះ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន សរុប​ចំនួន ៤ ៦៥៨ លើក ដែល​មាន​អ្នក​ចូលរួម​ចំនួន ១ ៣៧៧ ៣១២ នាក់។ ក្រៅពី​នេះ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្ដាញ​សង្គម​របស់​សិល្បករ តារា​ចម្រៀង និង​អ្នកមាន ប្រជាប្រិយភាព ក្នុង​បណ្ដាញ​សង្គម ដោយមាន​ចំនួន​ចែករំលែក​បន្ត ៦៩៧ ដង និង​ចំនួន​ចូល​ទស្សនា ៤៥ ២៣៤ ដង បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ដែល​មាន​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ត្រូវ​បង់​វិភាគទាន​ចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ទទួល​បាន​ការ​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស និង​ទទួល​បាន​ប្រាក់​វិភាជន៍​បូជាសព(ក្នុង​ករណី​មាន​ជំងឺ ឬ​គ្រោះថ្នាក់​រហូតដល់​បាត់បង់​ជីវិត​) ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម