Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប រំពឹងថាអភិបាលរង៣រូប ដែលទើបឡើងកាន់តំណែង នឹងខំធ្វើការបម្រើពលរដ្ឋ

បានផុស

នៅ

ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់អភិបាលរងខេត្តចំនួនបីរូប អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ រំពឹងថា លោកអភិបាលរងខេត្តថ្មីទាំង៣ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប សាមគ្គីភាព ឯកភាព លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ និង ការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

រូបថតអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន  ក៏បានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួម ក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត។

ក្រៅពីនេះ លោក​រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងការបង្ការ ទប់ស្កាត់បទល្មើសការជួញដូរមនុស្ស គ្រឿងញៀន និងបំបាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ។

រូបថត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន។

 គួរឱ្យដឹងថា អភិបាលរងខេត្តសៀមរាបទាំង៣រូប ដែលប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះមានដូចជា  លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប និង លោក ង៉ូវ សេងកាក់ អតីតប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងលោក សំកុល សុចិត្រា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោកស្រី យូ សុភា និង លោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួងមហាផ្ទៃ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ៕

អត្ថបទ៖ គឿន វេត

រូបថត លោក លី សារី (ខាងឆ្វេង) និងលោក ង៉ូវ សេងកាក់ (កណ្ដាល)  និងលោក សំកុល សុចិត្រា(ខាងស្ដាំ) ដែលទើបចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម