កីឡា
កម្ពុជាបង្កើតសហព័ន្ធកីឡាបញ្ចស៊ីឡាត់ផ្លូវការក្រោយជោគជ័យនៅស៊ីហ្គេម
សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាត្រូវបានប្រកាសបង្កើតជាផ្លូវការសម្រាប់អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងដែលមិនទាន់មានសហព័ន្ធផ្លូវការ។

ការបង្កើតឲ្យមានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ជាផ្លូវការនេះឡើង បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជាបានជួបភាគីឥណ្ឌូណេស៊ីដែលជាម្ចាស់ក្បាច់គុនប្រពៃណីឥណ្ឌូណេស៊ីគឺបញ្ចស៊ីឡាត់កាលពីចុងឆ្នាំ២០២២។ នៅពេលនោះ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន២៨រូបទៅបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ និងបានហ្វឹកហាត់ក្បាច់គុនបញ្ចស៊ីឡាត់នៅប្រទេសឥណ្ឌូណេស៊ីដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា។
ការហ្វឹកហាត់អស់រយៈពេលជាច្រើនខែ កម្ពុជាមានអត្តពលិកបញ្ចស៊ីឡាត់ ហើយឥណ្ឌូណេស៊ីមានអត្តពលិកល្បុក្កតោសម្រាប់ប្រកួតកីឡាស៊ីហ្គេម។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយចំនួន១២គ្រឿងគឺមាស២ និងសំរិទ្ធ១០ពីការប្រកួតកីឡាបញ្ចស៊ីឡាត់ក្នុងកីឡាស៊ីហ្គេម។

ដោយមើលឃើញពីសមិទ្ធផល និងសក្តានុពលដែលកម្ពុជាមានសមត្ថភាពសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ពេលនេះកម្ពុជាបានបង្កើតសហព័ន្ធកីឡាបញ្ចស៊ីឡាត់ជាផ្លូវការដើម្បីអភិវឌ្ឍ បណ្តុះបណ្តាល និងជំរុញកីឡានេះឲ្យរីកចម្រើនកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសសម្រាប់ការប្រកួតលើឆាកអន្តរជាតិដូចជាកីឡាស៊ីហ្គេម ឆ្នាំ២០២៥នៅប្រទេសថៃ។
ក្នុងមហាសន្និបាតកាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ណយ ផាណា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអបអរចំពោះការបង្កើតឲ្យមានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ជាផ្លូវការ ពីព្រោះកីឡាមួយនេះមានសក្តានុពលសម្រាប់ការរស្វែងរកមេដាយលើឆាកអន្តរជាតិ។ ជាពិសេសកីឡានេះទទួលបានមេដាយជូនជាតិពីកីឡាស៊ីហ្គេមកាលពីឆ្នាំ២០២៣រួចទៅហើយ បើទោះបីជាមិនទាន់មានសហព័ន្ធជាផ្លូវការក៏ដោយ។

លោក សេង ធារិន មេបញ្ជាការរងយោធភូមិភាគពិសេសទី៥ដែលជាប្រធានសហព័ន្ធអាណត្តិថ្មីបានឲ្យដឹងថា ថ្នាក់ដឹកនាំដែលជាប្រធាន និងអនុប្រធានសុទ្ធតែមកពីកងកម្លាំងយោធា ដូច្នេះបានក្លាយជាធនធានដ៏សំខាន់ ពីព្រោះកងកម្លាំងយោធាសុទ្ធតែជាអ្នកហ្វឹកហាត់កីឡាល្បុក្កតោ និងបានរួមចំណែកសម្តែងក្នុងព្រឹត្តិការណ៍ធំៗជាច្រើនដូចជាកីឡាជាតិ កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍អង្គរសង្គ្រាន្តជាដើម។ កងកម្លាំងយោធាទាំងនោះនឹងក្លាយជាកីឡាករ កីឡាការិនីអាជីព នៅពេលបានហ្វឹកហាត់បន្ថែមទៀតលើកីឡាបញ្ចស៊ីឡាត់។

លោកប្រធានមានប្រសាសន៍ថា ៖«បើយើងធ្វើ យើងទទួលភារកិច្ច យើងត្រូវតែធ្វើឲ្យទទួលបានជោគជ័យ»។
គណៈកម្មការប្រតិបត្តិអាណត្តិទី១សម្រាប់ការដឹកនាំសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាពីឆ្នាំ២០២៤ដល់២០២៨មានប្រធាន១រូប អនុប្រធាន៨រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង២រូប អគ្គហិរញ្ញិក១រូប និងសមាជិក១៤រូប។

សមាសភាពថ្នាក់ដឹកនាំអាណត្តិទី១
- លោក សេង ធារិន មេបញ្ជាការរងយោធភូមិភាគពិសេសទី៥ ជាប្រធាន
- លោក សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍
- លោក តឹក ប៊ុនធឿន អនុប្រធាន
- លោក ស៊ុំ សំណាង អនុប្រធាន
- លោក បោន ប៊ីន អនុប្រធាន
- លោក នាក់ ថារ៉ែន អនុប្រធាន
- លោក ឈាន សុវណ្ណរតនា អនុប្រធាន
- លោក សេង ប៊ុនសុង អនុប្រធាន
- លោក Andy Steven អនុប្រធាន
- លោក អ៊ួ តារា អគ្គលេខាធិការ
- លោក វី តារ៉ា អគ្គលេខាធិការរង
- លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការរង
- លោក អឿន រស្មី អគ្គហិរញ្ញិ
- សមាជិក១៤រូប




អត្ថបទ៖ វីរបុត្រ
រូបថត៖ Cambodia Pencak Silat Federation
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


