ព័ត៌មានជាតិ
ប ស ស នឹងសិក្សារៀបចំមធ្យោបាយធ្វើដំណើរ សមរម្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងសិក្សារៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់ដឹកកម្មករនិយោជិតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀត។

ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាពសិក្សាសហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិតសំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែឆ្នៃដែលដឹកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់យ៉ាងយូរត្រឹមឆ្នាំ២០២៧។

លោក សរ សុដានី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យចូលរួមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងក្រើនរំលឹកដល់បងប្អូនកម្មករនិយោជិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរកាន់ចង្កូតឡាន ចង្កូតម៉ូតូ ត្រូវចងចាំថា អាយុជីវិតបងប្អូន គឺពឹងនៅលើអ្នកបើកបរមធ្យោបាយប្រើប្រាស់ និងនៅលើដងផ្លូវដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវដែលកំពុងប្រើប្រាស់។

ចំណែកលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានាដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


