Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦ ប ស ស នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកលើក្រុមសិស្ស-និស្សិត ព្រះសង្ឃ កសិករនិងពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង

បានផុស

នៅ

នៅឆ្នាំ២០២៦ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នឹងពិនិត្យលទ្ធភាពពង្រីកសមាជិកទៅលើក្រុមគោលដៅចំនួន៤បន្ថែមទៀត រួមមានក្រុមសិស្ស-និស្សិត អាយុចាប់ពី១៨ដល់២១ឆ្នាំ ព្រះសង្ឃ កសិករ និងប្រជាពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើង ដើម្បីឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធគាំពារសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស.និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨វិច្ឆិកានេះថា ការកំណត់គោលដៅទៅលើក្រុមទាំង៤ខាងលើនេះ ដោយសារប្រជាពលរដ្ឋទូទៅដែលមានអាយុលើសពី៦០ឆ្នាំបានស្នើសុំទៅរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជួយពួកគាត់ឱ្យបានចូលជាសមាជិក ប.ស.ស.ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃជួយសម្រួលដល់ជីវភាពរស់នៅបានកាន់តែប្រសើរ។

លោកបណ្ឌិតបានបន្តថា « អីចឹង ប.ស.ស. កំពុងគិតពិចារណាថា ក្នុងឆ្នាំ២០២៦ខាងមុខនេះ យើងនឹងសិក្សាបន្ថែមទៅលើក្រុមគោលដៅនឹងតើយើងកំណត់យកអាយុ៦០ទៅដល់អាយុប៉ុន្មានទី១ ទី២សិស្សនិស្សិតបុគ្គលស្វ័យនិយោជន៍គឺកំណត់ក្រោមអាយុ១៨ឆ្នាំ។ អីចឹងចាប់ពីអាយុ១៨ ដល់២១ ប.ស.ស.លែងគ្របដណ្តប់ទៀតហើយ។ អីចឹងកន្លែងហ្នឹងក៏យើងយកចិត្តទុកដាក់ដែរ ទី៣ព្រះសង្ឈ រឿងព្រះសង្ឈនេះសម្តេចធិបតីឱ្យយើងយកចិត្តទុកដាក់ដែរ និងសិក្សាលើគោលដៅហ្នឹង។ ទី៤កសិករក៏បានទាមទារឱ្យពួកគាត់មានការចុះឈ្មោះចូលជាសមាជិកប.ស.ស.ដែរ»។

គួរបញ្ជាក់ថា ក្នុងរយៈ១០ខែ ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីសមាជិកថ្មីចំនួន ៦០៨,៥២៩នាក់ ស្រី ៣១៤,៧៨១នាក់។ ប៉ុន្តែបើគិតចំនួនបច្ចុប្បន្នភាពសមាជិក ប.ស.ស. សរុបវិញគិតមកដល់សប្តាហ៍ទី២នៃខែវិច្ឆិកាឆ្នាំ២០២៥នេះ ប.ស.ស. សរុបមានសមាជិកចំនួន ៣,៣៩៩,១២០នាក់ ស្រីចំនួន ១,៨៦៨,២៣៤នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម