Connect with us

ព័ត៌មានអន្ដរជាតិ

២០២៣ ជាឆ្នាំសុខសាន្តបំផុត សម្រាប់វិស័យអាកាសចរណ៍ពិភពលោក

បានផុស

នៅ

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និយាយនៅសប្តាហ៍នេះថា ត្បិតជើងហោះហើរដឹកអ្នកដំណើរ មានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លាក៏ដោយ ក៏២០២៣ គឺជាឆ្នាំសុវត្ថិភាពបំផុតមិនធ្លាប់មានសោះ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ ARM)

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមខាងលើដែលផ្សាយដោយ AFP, ឆ្នាំមុន មានគ្រោះថ្នាក់ធ្ងន់ធ្ងរតែមួយលើកប៉ុណ្ណោះ នោះគឺហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរ ATR turboprop ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Yeti របស់ប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សចំនួន៧២នាក់។

IATA អះអាងថា ខ្លួនបានរាប់ឧបទ្ទវហេតុចំនួន២៩លើកផ្សេងទៀតក្នុងឆ្នាំដដែលនោះ ប៉ុន្តែមិនមានអ្នកស្លាប់ឬខូចយន្តហោះអ្វីទេ។ 

(រូបថត៖ International Airport Review)

បើងាកទៅមើល​ឆ្នាំ​២០២២ឯណោះវិញ មានគ្រោះ​ថ្នាក់​កើត​ឡើង​សរុប​៤២​លើក ហើយក្នុង​នោះ​មានហេតុការណ៍សាហាវចំនួន៥លើក ដែលឆក់យកជីវិតមនុស្ស១៥៨នាក់។

តាមរបាយការណ៍របស់ IATA, ឆ្នាំ២០២៣ មានហានិភ័យនៃការស្លាប់និងគ្រោះថ្នាក់ទាបបំផុត មិនធ្លាប់ជួបក្នុងកំណត់ត្រា។ អត្រាធ្លាក់ទាបនេះត្រូវបានគេកត់ត្រា ថ្វីបើចំនួនជើងហោះហើរកាលពីឆ្នាំមុនបានស្ទុះឡើង១៧% ស្មើនឹង៣៧.៧លានជើងក៏ដោយ។

លោក Willie Walsh អគ្គនាយក IATA (រូបថត៖ Samchui)

លោក Willie Walsh អគ្គនាយក IATA និយាយថា “ត្បិតអីការហោះហើរគឺជាជម្រើសមានសុវត្ថិភាពបំផុតមួយរបស់អ្នកដំណើរក៏ដោយ ប៉ុន្តែវាតែងតែមានចំណុចត្រូវកែលម្អ ខណៈដើមឆ្នាំ២០២៤នេះ ហាក់មានហេតុការណ៍កើតឡើងផ្ទួនៗគួរឲ្យកត់សម្គាល់ តួយ៉ាងដូចជាករណីឆេះយន្តហោះនៅទីក្រុងតូក្យូប្រទេសជប៉ុន ជាដើម”។

សូមបញ្ជាក់ថា IATA តំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន៣២០ ដែលរួមចំណែក៨៣%នៃចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោក ហើយស្ថិតិរបស់ IATA មិនរាប់ជើងហោះហើរអាជីវកម្ម យោធា និងឯកជនឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភាពតានតឹងនៃវិស័យអាកាសចរណ៍នៅអ៊ឺរ៉ុប កំពុងផ្ទុះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម