ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ថា ផលិតផលដែលផលិតនៅកម្ពុជា មានការទទួលស្គាល់លើទីផ្សារអន្តរជាតិ
កម្ពុជា បាននិងកំពុងទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេចទៅឱ្យរោងចក្រធំៗនៅប្រទេសជិតខាងក្នុងតំបន់អាស៊ាន ខណៈផលិតផលដែលផលិតនៅកម្ពុជា ចាប់ផ្ដើមទទួលស្គាល់លើទីផ្សារអន្តរជាតិ។ នេះជាការគូសបញ្ជាក់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាច្រើនទសវត្សមកនេះ កម្ពុជា បានឆ្លងកាត់ការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ តាមរយៈការវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមាហរណកម្មក្នុងសេដ្ឋកិច្ចសកល។
បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ជាយទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ រួមទាំងក្នុងតំបន់ និងសាកលលោក គឺបានធ្វើឱ្យកម្ពុជា ក្លាយជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយនៅក្នុងទីផ្សារសាកល ជាពិសេសកម្ពុជា ជាដៃគូយ៉ាងរស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន។ តួយ៉ាង ផលិតផលដែលផលិតនៅកម្ពុជា ដូចជា សម្លៀកបំពាក់ និងកង់ ជាដើម ត្រូវបានសម្ដេចធិបតី អះអាងថា មានការទទួលស្គាល់នៅទូទាំងពិភព លោក នាពេលបច្ចុប្បន្ន ដោយសារតែគុណភាព និងតម្លៃដែលមានភាពប្រកួតប្រជែង។ សម្ដេច ចាត់ទុកថា ការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីវត្តមានដ៏ខ្លាំងឡើងរបស់កម្ពុជា ទៅលើទីផ្សារសកល។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូក «Plus-One Strategy» តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនេះឱ្យទទួលបានជោគជ័យ កម្ពុជា បានអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ឱ្យវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោង វិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។ នេះជាការអះអាងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចធិបតី ថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម ជាពិសេសរាជរដ្ឋាភិបាល បាននិងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ