ព័ត៌មានជាតិ
ទូតរុស្ស៊ី ថា រដ្ឋាភិបាលខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់នគរបាលជាតិកម្ពុជា
រដ្ឋាភិបាលរុស្ស៊ី បានត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលជាតិកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃកម្ពុជា ក្នុងជំនួបនារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងរបស់ក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-រុស្ស៊ី និងថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ ពិសេសជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម ចារកម្មដល់នាយនគរបាលជាតិកម្ពុជា ខណៈជានិច្ចកាល ក៏បានអញ្ជើញមន្ត្រីក្រសួងមហាផ្ទៃ ទៅចូលរួមកម្មវិធីនានានៅប្រទេសរុស្ស៊ី។

តាមខ្លឹមសារនៃជំនួបរវាងភាគីទាំងពីរ ដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជិត៧ទសវត្សរ៍មកនេះ ដែលបានរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ។
ជាការឆ្លើយតប លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី បានជម្រាបជូនលោក ស សុខា អំពីការវិវឌ្ឍនៃបញ្ហាប្រឈមសកលលើវិស័យសន្តិសុខ រួមមាន៖ ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ព័ត៌មានមិនពិត ជាពិសេសបញ្ហាភេរវកម្មដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងសកល។

ភ្ជាប់នឹងការលើកឡើងអំអំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដល់កងកម្លាំង ដើម្បីទប់ស្កាត់ចំពោះការវិវឌ្ឍនៃបទល្មើសសម័យថ្មី ជាពិសេសបទល្មើសបច្ចេកវិទ្យាព័ត៌មាន លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនជានិច្ចរបស់ភាគីរុស្ស៊ីក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជូននាយនគរបាលជាតិកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌភាពជាដៃគូអាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ស សុខា ក៏បានលើកឡើងអំពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងអនុវត្តកន្លងមក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀនផងដែរ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


