Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូតថៃ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជាកាន់តែប្រសើរថែមទៀត

បានផុស

នៅ


លោក Cherdkiat Attharkor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជាកាន់តែប្រសើរថែមទៀត ពិសេសអភិវឌ្ឍរចនាសម្ព័ន្ធ ធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យដៃគូនៅតាមព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញារបស់ឯកអគ្គរាជទូតថៃបានធ្វើឡើងកាលពីថ្ងៃទី១៥ឧសភាក្នុងឱកាសដែលលោកបានចូលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះ ឯកអគ្គរាជទូតថៃបានបញ្ជាក់អំពីគោលជំហរបន្តពង្រឹង និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃព្រះរាជាណាចក្រថៃ
តាមរយៈការបន្តជួយជ្រោមជ្រែងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យដៃគូនៅតាមព្រំដែនកំពុងពិនិត្យលទ្ធភាពលើការពង្រឹងសេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកអន្លង់វែង នៃខេត្តឧត្តរមានជ័យ។

លោករដ្ឋមន្ត្រី ឈាង រ៉ា សូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់ជំហរបន្តគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាលការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាលដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃតែងតែមានទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-ថៃ និងបានចូលរួមគាំទ្រអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា រួមទាំងក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធថែទាំសុខភាពឱ្យកាន់តែមានភាពធន់ និងរឹងមាំតាមរយៈការផ្តល់អំណោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រដល់មន្ទីរពេទ្យនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម