Connect with us

ព័ត៌មានជាតិ

កំពង់ផែទឹកជ្រៅ​កំពត​តម្លៃ ១៤០ ​លានដុល្លារ ​នឹងដាក់ឱ្យប្រើប្រាស់ ​នៅថ្ងៃទី ៦ ​ខែមិថុនា ​

បានផុស

នៅ

កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ (KAMPOT INTERANTIONAL PORT) នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ ​ឆាប់ៗនេះ ក្រោមអធិបតីភាព​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កំពង់ផែអន្តរជាតិកំពតមានទីតាំងស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ជាគម្រោងវិនិយោគដោយ​ក្រុមហ៊ុន​កំពតផត ជាក្រុមហ៊ុនឯកជនក្នុងស្រុក ក្នុងទំហំទឹកប្រាក់ ១៤០ លានដុល្លារអាម៉េរិក​លើផ្ទៃដី​២០៧​ហិកតា​របស់អ្នកឧកញ៉ា វិញ ហ៊ួរ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា ក្រុមហ៊ុន Kampot Port Co., Ltd. ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ ២០០៧ លើផ្ទៃដីសរុប ៧០០​ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។

ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំសាង​សង់​កំពង់ផែ ជាកំពង់ផែទំនិញ និងកុងតឺន័រ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញលិខិតអនុញ្ញាតសាងសង់កំពង់ផែ ជូនដល់ក្រុមហ៊ុន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។

អ្នកនាំពាក្យដដែលបានឱ្យដឹងថា កំពង់ផែ KAMPOT INTERANTIONAL PORT ត្រូវសាងសង់ជាពីរជំហានធំៗគឺជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់​ការសាង​សង់នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់​នាវាបង្វិល​ខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការ​រហូតដល់បច្ចុប្បន្ន។

ចំណែកជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិត​អនុញ្ញាត​ធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា។

កំពង់ផែកំពតផត នឹងអាចឱ្យ​នាវាដឹក​ទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមាន​សមត្ថភាព​ខ្ពស់​ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម