ព័ត៌មានអន្ដរជាតិ
“បៃឌិន ឬក៏ ត្រាំ” មួយណាឈ្នះឆ្នោត ក៏ចិនមិនខ្ចីទៅខ្វល់ចិត្តជាមួយឡើយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា មេដឹកនាំចិនគ្មានក្ដីព្រួយបារម្ភ ឬចាប់អារម្មណ៍សោះឡើយ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលត្រៀមនឹងប្រព្រឹត្តឡើងនៅខែវិច្ឆិកាខាងមុខ។

ប្រភពពីចារកម្មអាមេរិក បានប្រាប់ Bloomberg ថា ចិនមិនមានទំនោរទៅខាងណានោះទេ រវាងបេក្ខភាពប្រធានាធិបតីទាំង២របស់អាមេរិក គឺ លោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ។ ទោះម្នាក់ណាជាប់ឆ្នោត ក៏ទំនាក់ទំនងរវាងចិន និងអាមេរិក មិនអាចស្រោចស្រង់បានល្អប្រសើរជាងនេះវិញដែរ ពោលគឺភាពតានតឹងនឹងនៅតែបន្តក្នុងរយៈពេលវែងតទៅមុខទៀត ដោយប៉ុន្មានឆ្នាំកន្លងទៅនេះ មហាយក្សទាំង២ បានបង្កើតជម្លោះដាក់គ្នាលើរឿងគ្រប់បែបយ៉ាងទៅហើយ រាប់ចាប់ពីវិស័យបច្ចេកវិទ្យា រហូតដល់សិទ្ធិមនុស្ស ព្រមទាំងជម្លោះនៅលើដែនសមុទ្រចិនខាងត្បូង។
ស្រដៀងគ្នាទៅនឹងសម្ដីរបស់ចារកម្មអាមេរិក ប្រភពពីមន្ត្រីរបស់ក្រុងប៉េកាំង ក៏បានរៀបរាប់ដូចគ្នាប្រាប់ទៅសារព័ត៌មាន Bloomberg ផងដែរថា បេក្ខភាពទាំង២សុទ្ធតែមានបំណងគាបសង្កត់ចិន ហើយបន្តធ្វើឲ្យទំនាក់ទំនងល្អក់កករដដែល។ លោក Gao Zhikai អតីតមន្ត្រីការទូតចិន និងធ្លាប់ធ្វើជាអ្នកបកប្រែឲ្យអតីតមេដឹកនាំចិនលោក Deng Xiaoping បាននិយាយថា លោក ចូ បៃឌិន ជាបុគ្គលបែបសង្គ្រាមត្រជាក់ ដែលមិនខ្វល់ខ្វាយរឿងពិភពលោកធ្លាក់ចូលក្នុងជម្លោះបែបណាទេ ខណៈដែលលោក ដូណាល់ ត្រាំ វិញគឺជាបុគ្គលដែលនឹងប្រហែលជាដាក់ទណ្ឌកម្ម និងរឹតបន្តឹងពន្ធលើប្រទេសចិន ដូចដែលលោកធ្លាប់បានធ្វើកាលពីអាណត្តិជាប្រធានាធិបតីរបស់លោក។ លោក Gao ថា “តាមទស្សនៈរបស់ចិន យើងគ្រាន់តែត្រូវអង្គុយមើលឲ្យស្ងៀម។ នរណាឈ្នះក៏ដោយ ចិនត្រូវតែដោះស្រាយជាមួយអ្នកនោះ ជាជាងរង់ចាំភាពមិនប្រាកដប្រជា”។
ចំណែកឯ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិននៅក្រុងវ៉ាស៊ីតោន ពេលត្រូវគេចោទសួរអំពីរឿងបោះឆ្នោតនៅអាមេរិក បាននិយាយថា ក្រុងប៉េកាំងមិនលូកលាន់ចំពោះកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះឡើយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ