ព័ត៌មានអន្ដរជាតិ
តម្លៃតែឥណ្ឌាឡើងថ្លៃ ខណៈបញ្ហាធាតុអាកាសធ្វើឱ្យទិន្នផលធ្លាក់ចុះ
តម្លៃតែរបស់ប្រទេសឥណ្ឌាកំពុងកើនឡើងខ្ពស់ ហើយរំពឹងថានឹងបន្តថ្លៃ ដោយសារតែរលកកំដៅ និងទឹកជំនន់ក្នុងអំឡុងរដូវប្រមូលផល ធ្វើឱ្យទិន្នផលតែពីតំបន់ដាំសំខាន់ៗធ្លាក់ចុះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យដែលបានចងក្រងដោយក្រុមប្រឹក្សាភិបាលតែ បានបង្ហាញថា តម្លៃតែនៅសប្តាហ៍ចុងក្រោយនៃខែមិថុនា បានកើនឡើងជាមធ្យមដល់ ២១៧,៥៣ រ៉ូពី (២,៦១ ដុល្លារ)/គីឡូក្រាម ដែលស្មើនឹងការកើនឡើងជិត ២០ ភាគរយ ធៀបនឹងឆ្នាំមុន។
លោក Prabhat Bezboruah ដែលជាអ្នកដាំតែជើងចាស់ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលតែរបស់ប្រទេសឥណ្ឌា បាននិយាយថា៖ «ព្រឹត្តិការណ៍ធាតុអាកាសហួសហេតុ កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតតែ»។ លើសពីនេះ លោកគូសបញ្ជាក់ថា ផលិតកម្មតែ ក៏បានរងផលប៉ះពាល់ផងដែរដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការហាមឃាត់ថ្នាំសំលាប់សត្វល្អិតចំនួន ២០ មុខ ។
ទិន្នផលតែរបស់ឥណ្ឌាក្នុងខែឧសភា បានធ្លាក់ចុះជាង ៣០ ភាគរយ មកត្រឹម ៩០,៩២ លានគីឡូក្រាម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកម្រិតទាបបំផុតសម្រាប់ខែឧសភា ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយសារតែកំដៅខ្លាំងពេក និងភ្លៀងធ្លាក់តិចតួច។

អស់ពីរលកកំដៅ ប្រជាជនជាង ២ លាននាក់នៅរដ្ឋភាគឦសាន Assam ដែលរួមចំណែកជាងពាក់កណ្តាលនៃទិន្នផលតែរបស់ប្រទេសឥណ្ឌា បានរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេធ្ងន់ធ្ងរនាខែកក្កដានេះ។ កសិករដាំតែនៅក្រុង Jorhat បាននិយាយថា ទិន្នផលតែមានភាពប្រសើរឡើងនៅខែមិថុនា បន្ទាប់ពីមានភ្លៀងធ្លាក់ក្រោយរលកកំដៅវាយលុក ប៉ុន្តែក៏ធ្លាក់ចុះវិញនៅខែកក្កដា ដោយសារតែទឹកជំនន់នៅតាមស្រុកជាច្រើននៃរដ្ឋ Assam ។
លោក Bezboruah បាននិយាយថា ប្រទេសឥណ្ឌាផលិតតែចំនួន ១,៣៩៤ ប៊ីលានគីឡូក្រាម នៅឆ្នាំ ២០២៣ ហើយចំនួននេះរំពឹងថានឹងអាចធ្លាក់ចុះប្រហែល ១០០ លានគីឡូក្រាម នៅឆ្នាំ ២០២៤។
ពាក់ព័ន្ធនឹងការឡើងតម្លៃតែ លេខាសមាគមពាណិជ្ជករតែ Calcutta នៅក្រុង Kolkata លោក Kalyan Sundaram វិញ បានលើកឡើងថា វាបានចាប់ផ្តើមតាំងពីខែមេសាមក ពោលគឺនៅពេលដែលរលកកំដៅបានកាត់បន្ថយទិន្នផលតែចំពេលមានតម្រូវការខ្ពស់។

ចំណែកឯ ពាណិជ្ជករនៅក្រុង Kolkata ម្នាក់ទៀត បានប្រាប់រ៉យទ័រថា ទិន្នផលទាបជំរុញឱ្យតម្លៃកើនឡើងខ្ពស់ ប៉ុន្តែកសិករដាំដុះដែលខ្សោយផ្នែកហិរញ្ញវត្ថុ និងជំពាក់បំណុលគេ កំពុងត្រដាបត្រដួសលើការចរចាជាមួយអ្នកទិញសំខាន់ៗក្នុងខែដែលប្រមូលផលបានខ្ពស់។
លោក Bezboruah បាននិយាយថា តម្លៃតែជាមធ្យមក្នុងឆ្នាំ ២០២៤ អាចនឹងកើនឡើងពី ១៦-២០ ភាគរយ ធៀបនឹងឆ្នាំមុន ប៉ុន្តែការកើនឡើងនេះទំនងជាមិនកាត់បន្ថយការនាំចេញតែទេ ដោយសារតែអ្នកទិញជាច្រើន កំពុងជំរុញការទិញរបស់ខ្លួនក្រោយឥណ្ឌាហាមឃាត់ថ្នាំសំលាប់សត្វល្អិត។
អ្នកខ្លះមើលឃើញថា ការកើនឡើងតម្លៃតែបច្ចុប្បន្ន អាចជួយដល់ឧស្សាហកម្មតែរបស់ឥណ្ឌាដែលដុនដាប ដោយសារតែកំណើនថ្លៃដើមផលិតកម្មខ្ពស់ ហើយតម្លៃលក់ចេញកើនតិចតួច នាទសវត្សរ៍កន្លងទៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


