ព័ត៌មានជាតិ
ផ្លូវខេត្ត ៣១២ ទៅច្រកព្រំដែនបន្ទាយចក្រី សាងសង់សម្រេចបាន ៦៥% គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៥
វឌ្ឍនភាពនៃគម្រោងស្ថាបនាកំណាត់ផ្លូវខេត្តលេខ ៣១២ ទៅច្រកព្រំដែនបន្ទាយចក្រីសម្រេចការសាងសង់បាន ៦៥ ភាគរយ ដែលគ្រោងបញ្ចប់នៅអំឡុងខែមករាឆ្នាំ ២០២៥។

ផ្លូវខេត្តលេខ៣១២ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការស្ថាបនាត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលមានប្រវែងពី ៤ ទៅ ៥ ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៦ សង់ទីម៉ែត្រ និង ៨ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥ សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។
គម្រោងសាងសង់ក៏រួមបញ្ចូលការដាក់លូគ្រប់ប្រភេទនៅតាមបណ្ដោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រនិងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ថា ផ្លូវខេត្តលេខ ៣១២ អនុវត្តការស្ថាបនាដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG-KR JOINT VENTURE ដែលរយៈពេលសាងសង់ចំនួន ១៨ ខែ និងប្រាស់ថវិកាជាឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក។
ផ្លូវខេត្តលេខ ៣១២ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។
ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេសរំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ទាក់ទងការសាងសង់កំណាត់ផ្លូវខេត្តលេខ ៣១២ កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនមួយបានអះអាងទទួលបានសិទ្ធិម៉ៅការស្ថាបនាផ្លូវខេត្តលេខ ៣១២ ចាប់ពីផ្លូវជាតិលេខ ១ ត្រង់ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅដល់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីព្រំប្រទល់កម្ពុជា-វៀតណាម។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានច្រានចោលដោយបញ្ជាក់អះអាងថា ផ្លូវខេត្តលេខ ៣១២ ដែលកំពុងស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី មានក្រសួងសាធារណការ នឹងដឹកជញ្ជូនជាម្ចាស់គម្រោង និងសម្ព័ន្ធក្រុមហ៊ុន ILSUNG-KR Joint Venture គឺជាក្រុមហ៊ុនទទួលបន្ទុកស្ថាបនាដោយស្របច្បាប់។

ពាក់ព័ន្ធក្រុមហ៊ុនដែលបានអះអាងនិងផ្ដល់ព័ត៌មានក្លែងក្លាយអំពីការទទួលបានគម្រោងស្ថាបនាផ្លូវខេត្តលេខ ៣១២ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គឺក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនដោយខុសពីការពិតនិងច្បាប់របស់កម្ពុជា។ នៅចំពោះមុខ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ទៅតាមការចាំបាច់៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


