ព័ត៌មានជាតិ
អន្តរក្រសួងធ្វើគម្រោងថវិកាកម្រិតថ្នាក់ដឹកនាំ ក្នុងវិស័យអប់រំ ឆ្នាំ២០២៥
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារជំនាញចូលរួម កិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាកម្រិតថ្នាក់ដឹកនាំ លើគម្រោងផែនការចំណូល-ចំណាយថវិកាវិស័យអប់រំ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោក ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ លោក ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា និងមន្រ្តីជំនាញពាក់ព័ន្ធ និង មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះបានរៀបចំឡើង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងសម្រេចលើគម្រោងចំណូល-ចំណាយ ថវិកាសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា សំដៅធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព ស្របតាមបទដ្ឋាន គោលការណ៍ណែនាំ និងនីតិវិធីហិរញ្ញវត្ថុ។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ មុំទី១ នៃបញ្ចកោណទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដោយផ្តោតលើ៖ ១. ការបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត, ការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សានៅគ្រប់កម្រិត, និងការបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ២. ការបន្តកែទម្រង់សាលារៀន ដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់, ការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ, ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅមន្ទីរអប់រំ យុវជន និងកីឡា, ព្រមទាំងការជំរុញការចូលរួម និងភាពជាម្ចាស់របស់មាតាបិតា, សហគមន៍ និងវិស័យឯកជន ៣. ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃ បុគ្គលិកសិក្សាគ្រប់កម្រិត ៤. ការបន្តលើកកម្ពស់ការអប់រំឌីជីថល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន, និងការជំរុញនូវការចាប់យកមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ៥. ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស-និស្សិតក្រីក្រ និងរងគ្រោះ ៦. ការពង្រឹងអភិបាលកិច្ចគ្រឹះស្ថានឧត្តមសិក្សា, ការលើកកម្ពស់ការស្រាវជ្រាវ, ការអភិវឌ្ឍ និងការនវានុវត្ត និង ការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជន ៧. ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និង ការបន្តជំរុញចលនា “យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ទន្ទឹមនេះ ក្រសួងក៏បាន និងកំពុងបន្តយកចិត្តទុកដាក់អនុវត្តតបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលដៅដើម្បីលើកកម្ពស់គុណភាពអប់រំនៅសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ឈរលើមូលដ្ឋាននេះ ក្រសួងបាន និងកំពុងបន្តការអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដោយផ្តោតលើការពង្រឹងគុណភាពអប់រំ នៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជំរុញការអប់រំឌីជីថល ពង្រឹងការបណ្តុះបណ្តាលជំនាញសម្រាប់យុវជន ពង្រឹងការអប់រំកាយនិងកីឡា និងភាពជាពលរដ្ឋល្អ។ ទន្ទឹមនេះ ក្រសួងបាន និងកំពុងជំរុញការអនុវត្តសាលារៀនគំរូតាមគ្រប់រូបភាព ដោយប្រើប្រាស់យន្តការ និងធនធានសរុប ទាំងថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍ ដើម្បីធានាបានការអនុវត្តមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ក្នុងឆ្នាំ២០២៤ សាលារៀនចំនួន ៧៩៣ ត្រូវបាន ជ្រើសរើសជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


