ព័ត៌មានជាតិ
កម្ពុជា មានរថយន្តដឹកកម្មករជាង ៣ ពាន់គ្រឿង នៅទូទាំងប្រទេស ភាគច្រើនជារថយន្តប្រភេទកែច្នៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ សីហា នេះថា តាមការចុះធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ២០២៤ នេះ មានរថយន្តដឹកកម្មករនៅទូទាំងប្រទេសសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះមានរថយន្តដឹកកម្មករប្រភេទដឹកអ្នកដំណើរចំនួន ១ ១២៩ គ្រឿង ដែលមានការផ្លាស់ប្តូរស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាព។

លោក កត្តា អ៊ន បានជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិតនាពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅកម្រិតទាបបំផុតដែលអាចរក្សាបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់កម្មករ-និយោជិត។
លោក កត្តា អ៊ន បានបន្តទៀតថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរមា ស្របទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ ក្នុងយុទ្ធសាស្ត្រទី ៥ កម្មវិធីទី ៣ ស្តីពីការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលក្នុងនោះ ការពង្រឹងការអប់រំ និងការផ្សព្វផ្សាយលើកកម្ពស់សុខុមាលភាពក៏ដូចជាការបង្ការហានិភ័យការងារគឺជារឿងចាំបាច់បំផុតដែលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុខសុវត្ថិភាពរបស់បងប្អូនកម្មករ-និយោជិតក្នុងពេលបំពេញការងារ។

លោកបានបន្ថែមថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព និងសុខសុវត្ថិភាពរបស់កម្មករ-និយោជិតក្នុងពេលបំពេញការងារ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសការរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ-និយោជិតសំដៅលើកកម្ពស់កម្មវិធី បង្ការហានិភ័យការងារដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិតជាប្រចាំ និងត្រូវធ្វើការសិក្សាសមិទ្ធិលទ្ធភាពអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិតពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិតដែលអាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់យ៉ាងយូរត្រឹមឆ្នាំ ២០២៧។
លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ធ្លាប់បានអំពាវនាវ និងក្រើនរំលឹកផងដែរទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើងព្រោះកម្មករ-និយោជិតរាប់សិបនាក់បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់។

ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ឯក បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូនិងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងករណីគ្រោះថ្នាក់ និងអាចបង្ការបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


