ព័ត៌មានជាតិ
ប្រជាជនកម្ពុជា កំពុងរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុន ប្រមាណ២ម៉ឺននាក់
ភ្នំពេញ ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានលើកឡើងថា ប្រទេសជប៉ុនជាគោលដៅ ដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្ននេះ មានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។

លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។

ទន្ទឹមនឹងនេះ លោកក៏ថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។

លោក រដ្ឋមន្ត្រី រំពឹងថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗ ដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប គណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) លោក NAKAGAWA Hiroji បានគូសបញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួនបញ្ជូន និងទទួលពលករកម្ពុជាធ្វើការនៅក្នុងខេត្តណាហ្គាណូ ដោយលោកសម្លឹងមើលឃើញថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។

ទន្ទឹមនេះ លោកបានបញ្ជាក់ថា នឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


