Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ប្រកាស​បន្ត​ជួយ​អ៊ុយក្រែន​ រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៥

បានផុស

នៅ

អ៊ុយក្រែន នឹង​​បន្ត​ទទួល​បាន​ការ​ផ្គត់ផ្គង់​​នូវ​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​ប្រទេស​អ៊ីតាលី ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​រុស្ស៊ី​ រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៥។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​គណៈ​រដ្ឋមន្ត្រី​អ៊ីតាលី កាល​ពី​ថ្ងៃ​​ចន្ទ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Giorgia Meloni និង​លោក Volodymyr Zelensky (រូបភាព៖ រដ្ឋាភិបាល​អ៊ីតាលី)

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ​ឆ្នាំ​២០២២ អ៊ីតាលីបានអនុម័តកញ្ចប់ជំនួយយោធាចំនួន​១០​លើក សម្រាប់រដ្ឋាភិបាល​​របស់​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុង​នោះ​មាន​​ទាំងប្រព័ន្ធការពារដែនអាកាស SAMP/T ចំនួន​២​គ្រឿង។

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោកស្រី Giorgia Meloni គឺជាអ្នកគាំទ្រទីក្រុងកៀវ ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ​២០២២ ហើយបានប្តេជ្ញាគាំទ្រអ៊ុយក្រែនរហូតដល់សង្រ្គាម​បញ្ចប់ ខណៈ​មានភាពមិនច្បាស់លាស់អំពីអាកប្បកិរិយានាពេលអនាគតរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតី​ទើប​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា​ខាង​មុខ។

កាលពីថ្ងៃអង្គារ ប្រធានអង្គការណាតូ លោក Mark Rutte បានជំរុញ​ឲ្យ​សមាជិកនៃសម្ព័ន្ធមិត្តយោធាបង្កើនជំនួយ​​​ដល់​អ៊ុយក្រែន ដើម្បីពង្រឹងជំហររបស់ខ្លួន សម្រាប់​ចូលទៅ​អង្គុយ​​​តុ​ចរចាសន្តិភាពជាមួយរុស្ស៊ី។

នៅក្រោមអាណត្តិដឹក​នាំ​របស់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ ក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ (G7) បានសន្យាម្តងហើយម្តងទៀតនូវការគាំទ្រសម្រាប់អ៊ុយក្រែន ថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៊ី និងបានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៥០​ពាន់លានដុល្លារសម្រាប់​ទីក្រុង​កៀវ ដោយ​ប្រើ​ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែល​ត្រូវ​បានបង្កក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម