Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អះអាងថា ការយកកម្រៃសេវាបោះត្រាអនុញ្ញាតចេញ-ចូល ប្រទេសថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាទេ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ការ​យក​កម្រៃ​សេវា​បោះត្រា​ការ​អនុញ្ញាត ចេញ​-​ចូល​ជា​ការ​កំណត់​របស់​ភាគី​ថៃ មិនមែន​ជា​សមត្ថកិច្ច​របស់​ភាគី​កម្ពុជា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អះអាង​របស់​ក្រសួង​ការងារ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​នា​ពេល​ថ្មីៗ នេះ មាន​ការ​ផ្សព្វផ្សាយ​អំពី​ការ​ដំឡើង​ថ្លៃ​កម្រៃ សេវា​បោះត្រា​ការអនុញ្ញាត​ចេញ​-​ចូល (Re-Entry Permit) តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ និង​បង់​កម្រៃ​សេវា​នេះ​ជូន​ភាគី​កម្ពុជា។

បើ​តាម​សេចក្ដី​បំភ្លឺ​ស្ដីពី​កម្រៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល​សម្រាប់​ពលករ​ខ្មែរ ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ថា ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ ក្រសួង សូម​បំភ្លឺ​ថា ការ​យក​កម្រៃ​សេវា​បោះត្រា​ការ​អនុញ្ញាត ចេញ​-​ចូល​នេះ ជា​ការ​កំណត់​របស់​ភាគី​ថៃ មិនមែន​ជា​សមត្ថកិច្ច​របស់​ភាគី​កម្ពុជា​ក្នុង​ការ​កំណត់ និង​ទទួល​សេវា នោះ​ទេ។ ជាក់ស្តែង ក្រសួងមហាផ្ទៃ នៃ​ប្រទេស​ថៃ បាន​កំណត់​កម្រៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល​ម្តង (Single Re-Entry Permit) ចំនួន ១ ០០០ បាត និង​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល​ច្រើនដង (Multiple Re-Entry Permit) ចំនួន ៣ ៨០០ បាត សម្រាប់​បង់​ជូន​ទៅ​ភាគី​ថៃ។

ក្រសួង​សូម​បញ្ជាក់​ថា កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ភាគី​ថៃ​លើកលែង និង​បញ្ចុះ​កម្រៃ​សេវា ពាក់ព័ន្ធ​នឹង​ចំណាយ​របស់​ពលករ​ខ្មែរ ជាក់ស្ដែង​ភាគី​ថៃ បាន​បញ្ចុះ​កម្រៃ​សេវា​ទិដ្ឋាការ​ប្រភេទ​ការងារ​ពី ២០ ០០០ បាត មក ៥០០ បាត (​ចាប់ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដល់​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៧) និង​លើកលែង​កម្រៃ​សេវា​ការ​អនុញ្ញាត​ចេញ​-​ចូល សម្រាប់​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ស្រុកកំណើត​អំឡុង​ពេល​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ ២០២៤។

ក្រសួង​ការងារ បន្ថែម​ថា ដោយ​ពិនិត្យ​ឃើញ​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ពលករ​ខ្មែរ​បាន​កកស្ទះ​ក្នុង​ការ​បំពេញ​បែបបទ​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ភាគី​ថៃ​បាន​បន្ថែម​កម្លាំង និង​សហការ​ជាមួយ​អនុព័ន្ធ​ការងារ​អម ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ និង​មន្ត្រី​ពាក់ព័ន្ធ​របស់​ភាគី​កម្ពុជា ដើម្បី​សម្របសម្រួល​បំពេញបែបបទ​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ពលករ​ខ្មែរ។

ក្រសួង​ការងារ បាន​ណែនាំ​ថា ដើម្បី​ចៀសវាង​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ក្រសួង សូម​ជម្រាប​ជូន​ពលករ​ខ្មែរ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចេញ​-​ចូល​ប្រទេស​ថៃ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ចេញ​-​ចូល​នៅ​ការិយាល័យ​អន្តោប្រវេសន៍​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ​ដែល​ពលករ​កំពុង​ស្នាក់នៅ មុន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ ដើម្បី​រក្សា​សុពលភាព ទិដ្ឋាការ​ការងារ​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ជា​មធ្យម​ទទួល​បាន​ប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និង​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​វិញ​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ ក្នុង ១ ឆ្នាំ បាន​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម