Connect with us

ព័ត៌មានជាតិ

សិស្សសាលាក្នុងខេត្តមណ្ឌលគិរី យល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម ដែលអាចរងគ្រោះដល់អាយុជីវិត

បានផុស

នៅ

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានកុមារ យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅភាគច្រើនបានយល់ដឹងពីផលប៉ះពាល់នៃការបរិភោគភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ដែលធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពធ្ងន់ធ្ងរ ជាពិសេសជំងឺលើសជាតិស្ករ និងទឹកនោមផ្អែម និងជំងឺផ្សេងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ គង់ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ បានប្រាប់ កម្ពុជាថ្មី ថា បន្ទាប់ពីមានការចង្អុលបង្ហាញពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាគ្រូ និងនាយកសាលាតែងតែណែនាំដល់អាណាព្យាបាល និងសិស្សានុសិស្សគ្រប់ថ្នាក់ ជាពិសេសពេលគោរពទង់ជាតិ តែងតែណែនាំពីបញ្ហាកុំឱ្យបរិភោគសារធាតុ ដែលមានរសជាតិផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងអាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យរងផលប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ។

លោក បន្តថា ថ្នាក់ដឹកនាំសាលា ក៏បានចុះណែនាំផ្សព្វផ្សាយមកដល់តូបលក់ដូរគ្រឿងកំប៉ុងភេសជ្ជៈផ្អែម​ និងអាហារកញ្ចប់ផ្សេងៗត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុននឹងយកមកលក់ និងត្រូវពិនិត្យមើលកាលបរិច្ឆេទ និងផលិតផលដែលមានសារជាតិផ្អែមពេក ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសិស្ស។

ដោយឡែក អាណាព្យាបាលសិស្ស ក៏បានណែនាំទៅដល់កូនរបស់ខ្លួនជាប្រចាំផងដែរ ហាមឃាត់មិនឱ្យបរិភោគភេសជ្ជៈផ្អែម ឬក៏អាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កូនរបស់គាត់ក៏ដូចជាសិស្សានុសិស្សដទៃទៀត។

ងាកមកសិស្សានុសិស្សឯណេះវិញ ក៏នាំគ្នាប្ដេជ្ញាមិនបរិភោគភេសជ្ជៈផ្អែម និងអាហារកញ្ចប់ ចាប់ពីពេលនេះតទៅ ដែលអាចធ្វើឱ្យពួកគេប៉ះពាល់ដល់សុខភាព និងខ្លាចរងគ្រោះដោយជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែម និងខូចក្រលៀន អាចមានវិប្បដិសារីនៅថ្ងៃក្រោយ ហើយក្នុងនាមកូនល្អ មិនចង់ឃើញលោកឪពុកអ្នកម្តាយលំបាក និងអាចខាតបង់ទ្រព្យសម្បត្តិពេល ដែលខ្លួនជួបគ្រោះដោយការបរិភោគចំណីអាហារទាំងនោះឡើយ។

សិស្សសាលា ក៏បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សដទៃទៀត មេត្តាបញ្ឈប់ការបរិភោគភេសជ្ជៈផ្អែម ក៏ដូចជាអាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនៅថ្ងៃអនាគត។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តាមបណ្ដាសាលាទូទាំងខេត្តមណ្ឌលគិរីបានទទួលការអប់រំផ្សព្វផ្សាយពីក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងហាមមិនឱ្យសិស្សានុសិស្សបរិភោគភេសជ្ជៈផ្អែម និងអាហារកញ្ចប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សផងដែរ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម