ព័ត៌មានជាតិ
អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក
អនុប្រធានទី១ រដ្ឋសភាហុងគ្រី លោកស្រី Marta Martrai ក៏បានលើកឡើងថា ក្នុង១ឆ្នាំ ហុងគ្រីបានផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែងឱ្យទៅសិក្សានៅទីប្រទេសហុងគ្រី ប៉ុន្តែនិស្សិតកម្ពុជាហាក់មិនបានដាក់ពាក្យយកអាហារូបករណ៍នេះឱ្យគ្រប់ចំនួនឡើយ។ ជុំវិញបញ្ហានេះ លោកស្រី បានអំពាវនាវឱ្យនិស្សិតកម្ពុជា ដាក់ពាក្យអាហារូបករណ៍នេះ។ លោកស្រីអនុប្រធានរដ្ឋសភាហុងគ្រី ថ្លែងបែបនេះ ហើយត្រូវបានស្រង់សម្ដីផ្សព្វផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មានក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

សេចក្ដីប្រកាសព័ត៌មានសរសេរដូច្នេះ៖ «លោកជំទាវ(Marta Martrai)ក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ នៅក្នុងន័យនេះ លោកស្រី លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជាចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន »។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។ នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្ត ជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេលសម្តេច ជាប្រមុខរាជរដ្ឋាភិបាល។

គួរឱ្យដឹងថា កម្ពុជា និងហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦ តែទំនាក់ទំនងនេះ ត្រូវកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៩ ភាគីទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ។ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់ UNTAC ក្នុងប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងជំនួយផ្សេងៗទៀត។ ក្នុងពេលដែលអឺរ៉ុបព្រមាន ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ហុងគ្រីបានចេញមុខជំទាស់ និងការពារកម្ពុជា ។ ជាពិសេសក្នុងពេលកម្ពុជា និងពិភពលោករងគ្រោះព្រោះវិបត្តិកូវីដ១៩ ហុងគ្រី ក៏បានជួយផ្ដល់វ៉ាក់សាំងកូវីដមកដល់កម្ពុជា។ នៅឆ្នាំ២០២៦ខាងមុខ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈាន ចូលដល់ខួប៧០ឆ្នាំ។

តាមរយៈជំនួបជាមួយអនុប្រធានទី១រដ្ឋសភា ហុងគ្រី នៅវិមានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


