ព័ត៌មានជាតិ
លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ
ក្នុងឱកាសអញ្ជើញសម្ពោធការជួសជុលថែប្រាសាទបន្ទាយឆ្មា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មា ជាសម្បត្តិដ៏មានតម្លៃសម្រាប់ជាតិ និងប្រជាជន ខណៈរាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មា ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាសាទបន្ទាយឆ្មានាឱកាសនេះ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រទេសជាតិទាំងមូល។ ក្នុងន័យនេះ លោក បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួមចំណែករបស់លោកស្រី ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនពិតមែន ប៉ុន្តែសមិទ្ធផលផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។

លោក ស សុខា បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ មានទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាខេត្តបន្ទាយមានជ័យ ចំនួនជាង ២០ម៉ឺននាក់។ ដូចនេះអ្វីដែលត្រូវធ្វើបន្តទៀត គឺការរួមគ្នាថែរក្សាអភិរក្សកេរដំណែលដ៏អស្ចារ្យ និងមានតម្លៃមួយនេះ ឱ្យកាន់ល្បីល្បាញបន្ថែមទៀត ដើម្បីទាញការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ឱ្យមកចូលទស្សនាកាន់តែច្រើនឡើង រួមទាំងការថែរក្សាអនាម័យក្តី សេវាកម្មក្តី ត្រូវមានភាពរស់រាយរាក់ទាក់ ជាផ្នែកមួយលើកកម្ពស់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានថ្លែងអំណរគុណដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការដឹកនាំ ចាត់ចែង សហការស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយឆ្មា អស់រយៈពេលជិត ២០ឆ្នាំ ក្រោមឥទ្ធិពលនៃកំដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពីសំណាក់មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ រហូតដល់សម្រេចបាននូវសមិទ្ធផលដែលត្រូវរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ។
ភ្ជាប់នឹងកម្មវិធីនេះ លោក ស សុខា ក៏បានគូសរំលេចពីកត្តាសន្តិភាព ដែលបានរុញច្រានឱ្យមានសមិទ្ធផលពេលនេះ ដែលសន្តិភាព បានមកពីការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រំដោះជាតិចាប់ពីសម័យសង្គ្រាម និងបន្តមកដល់បច្ចុប្បន្នដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃកម្ពុជា៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


