ព័ត៌មានអន្ដរជាតិ
ចិនថ្កោលទោសពន្ធ ត្រាំ នៅ WTO និងព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចសកល
ប្រទេសចិនបានថ្កោលទោសវិធានការ និងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃអង្គារ ដោយព្រមានថា «ផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗនៃពន្ធ» អាចគំរាមកំហែងដល់ប្រព័ន្ធពាណិជ្ជកម្ម និងប្រថុយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ឯកអគ្គរដ្ឋទូតចិនប្រចាំ WTO លោក Li Chenggang បាននិយាយក្នុងកិច្ចប្រជុំបិទទ្វារនៅ WTO ថា៖ «ផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗនៃពន្ធគយទាំងនេះ បង្កើនភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច រំខានដល់ពាណិជ្ជកម្មពិភពលោក បង្កហានិភ័យអតិផរណាក្នុងស្រុក បង្ខូចទ្រង់ទ្រាយទីផ្សារ ឬអាចឈានទៅដល់សូម្បីតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក»។ នេះបើយោងតាមឯកសារផ្ញើទៅកាន់រ៉យទ័រ។
លោកបន្តថា៖ «កាន់តែអាក្រក់ទៅទៀត គោលការណ៍ឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក គំរាមកំហែងដល់ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់»។
គួរគូសបញ្ជាក់ថា លោក ត្រាំ បានប្រកាសដាក់ពន្ធបន្ថែមថ្មី ១០ ភាគរយ លើគ្រប់មុខទំនិញនាំចូលពីចិន ហើយជាការឆ្លើយតប ចិនបានចេញវិធានការពន្ធវាយបក និងដាក់ពាក្យបណ្ដឹងទៅ WTO ដើម្បីប្រឆាំងជំទាស់។

ការពិភាក្សារបស់ WTO ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ គឺជាលើកទី១ហើយដែលភាពតានតឹងជម្លោះពាណិជ្ជកម្ម ត្រូវបានដោះស្រាយជាផ្លូវការក្នុងរបៀបវារៈនៃស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ WTO គឺក្រុមប្រឹក្សាទូទៅ។
គេមិនទាន់ដឹងច្បាស់ថា តើប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ដែលមិនទាន់មានឯកអគ្គរដ្ឋទូតពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ នឹងឆ្លើយតបយ៉ាងណាចំពោះបញ្ហានេះ។
រហូតមកដល់ពេលនេះ អគ្គនាយក WTO អ្នកស្រី Ngozi Okonjo-Iweala បានជំរុញឱ្យប្រទេសសមាជិកទាំង ១៦៦ របស់ WTO ចៀសវាងការសងសឹកក្នុងករណីរងវិធានពន្ធគយ ដើម្បីជៀសវាង «សង្គ្រាមពាណិជ្ជកម្មដ៏មហន្តរាយ»។

បើតាមរ៉យទ័រ ប្រតិភូពាណិជ្ជកម្ម WTO បាននិយាយមុនពេលកិច្ចប្រជុំថា ពួកគេមិនរំពឹងថានឹងមានលទ្ធផលភ្លាមៗពីកិច្ចប្រជុំនោះទេ ប៉ុន្តែប្រតិកម្មរបស់ប្រទេសនានា អាចបង្ហាញពីលទ្ធភាពនៃសង្គ្រាមពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងវិធានការពន្ធ ដែលសហរដ្ឋអាមេរិកបានគ្រោងទុក។
គួរំឭកថា ក្រៅពីចិន លោក ត្រាំ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា ប៉ុន្តែត្រូវពន្យារពេល ១ ខែសិន ក្រោយចរចាគ្នា។ ប៉ុន្តែលោកក៏គំរាមកំហែងដាក់ពន្ធលើប្រទេសផ្សេងៗទៀតផងដែរ ជាពិសេសប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនជាមួយប្រទេសអាមេរិក ក៏ដូចជាប្រទេសដែលដាក់ពន្ធលើទំនិញអាមេរិក។
ខណៈគេឃើញមានប្រទេសមួយចំនួនប្រឹងចរចាជាមួយរដ្ឋបាល ត្រាំ ប្រទេសមួយចំនួន រួមទាំងប្លុកសហភាពអឺរ៉ុប ក៏ព្រមានវាយបកលើអាមេរិកវិញផងដែរ ប្រសិនបើ ត្រាំ នឹងអនុវត្តពន្ធលើពួកគេពិតមែន។ អ្នកជំនាញមើលឃើញថា ការណ៍នេះនឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


