ព័ត៌មានជាតិ
ស៊ីម៉ាក់នៅតែបន្តអនុវត្តគម្រោងធំៗចំនួន៣៩ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់សង្គ្រាម
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គម្រោងធំៗចំនួន៣៩ ដែលមានតម្លៃជិត ៤០លានដុល្លា កំពុងអនុវត្តយ៉ាងសកម្មនៅក្នុងវិស័យបោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ២០២៥។ លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើករបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ សោធននិវត្តន៍ ដែលជាអតីតមន្រ្តីអង្គភាពស៊ីម៉ាក់ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ស៊ីម៉ាក់ មានគម្រោងផែនការចំនួន៣៩ ដែលគម្រោងទាំងអស់នោះ បានប្រើប្រាស់ថវិកាដែលជាជំនួយរបស់ដៃគូនានា មានតម្លៃជិត ៤០លានដុល្លាអាម៉េរិក ក្នុងនោះក៏មានគម្រោងជាជំនួយសម្ភារៈបច្ចេកទេសមានតម្លៃជាង ១៦លានដុល្លាអាម៉េរិកផងដែរ។ ដូច្នេះស៊ីម៉ាក់ មានថវិកាគាំទ្រសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសប្រមាណជាង ២០លានដុល្លាអាម៉េរិក។
លោក ហេង រតនា បានឱ្យដឹងទៀតថា បច្ចុប្បន្នស៊ីម៉ាក់ មានកងកម្លាំងប្រមាណជា ២ ០០០នាក់ និងកម្លាំងស្ម័គ្រចិត្តប្រមាណជាង ១ម៉ឺននាក់។ ទន្ទឹមនេះ ស៊ីម៉ាក ក៏កំពុងធ្វើការជាមួយកម្លាំងនគរបាលប្រមាណ ៥ពាន់នាក់ នៅទូទាំងប្រទេស នៅក្នុងការឆ្លើយតបការអន្តរាគមន៍នៅពេលប្រទះឃើញគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សូមជម្រាបថា ក្រសួងការពារជាតិ តាមរយៈអនុគណៈកម្មការបើកប្រាក់ឧបត្ថម្ភគោលនយោបាយ បានធ្វើការបើកជូនរបបប្រាក់ឧបត្ថម្ភនេះជូនយោធិនសោធននិវត្តន៍ ដែលជាអតីតមន្ត្រី បុគ្គលិក របស់ស៊ីម៉ាក ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ មានចំនួនប្រមាណជា ១ ៣០០នាក់។ ដោយក្នុងឆ្នាំ២០២៥ នេះ អនុគណៈកម្មការ បានបើកប្រាក់របបឧបត្ថម្ភនេះ ជូនចំនួន ៣៥៣នាក់ ក្នុងនោះ ៤៧នាក់ បានបើកជូនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលភ្នំពេញ ដោយឡែកសម្រាប់វគ្គទី២ នៅថ្ងៃទី៣ ខែមីនា នេះអនុគណៈកម្មការបើកជូនចំនួន ៣០៦បន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្ដរស័កកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន បានថ្លែងនូវការកោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិក ដែលជាកងកម្លាំងរបស់ស៊ីម៉ាកទាំងអស់ ដែលបានខិតខំទាំងកម្លាំងកាយចិត្តក្នុងការកែប្រែដីចម្ការមីនទៅជាដីកសិកម្ម។ លោកថា ក្នុងពេលមានសង្គ្រាមកងកម្លាំងស៊ីម៉ាកក៏ធ្វើការ ក្រោយពេលចប់សង្គ្រាមប្រទេសមានសន្តិភាព ស៊ីម៉ាកក៏នៅតែជាកម្លាំងប្រយុទ្ធយ៉ាងសកម្ម ដើម្បីរំដោះផ្ទៃដីជូនពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ជាការឆ្លើយតបនឹងពលិកម្មរបស់កងកម្លាំងទាំងអស់ រួមទាំងកម្លាំងរបស់ស៊ីម៉ាក់ រាជរដ្ឋាភិបាលកម្ពុជា ទាំងអណត្តិមុនៗដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអណត្តិទី៧ ដែលកំពុងដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត តែងតែបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅ ពោលគឺរាជរដ្ឋាភិបាលបានជួយមន្ត្រីតាំងពីថ្ងៃចូលបម្រើការងារ រហូតដល់ថ្ងៃដែលធ្វើមរណៈកាល។
ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក សកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងសមិទ្ធផលដែលសម្រេចបានដោយអង្គភាពស៊ីម៉ាក សម្រេចបានការរំដោះផ្ទៃដីសរុបចំនួន ១ ១០០គីឡូម៉ែត្រក្រឡា ស្មើនឹង៥៦% នៃផ្ទៃដីសរុបដែលបានបោសម្អាតមីនរួច។ ជាមួយគ្នានេះ ស៊ីម៉ាកក៏បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជាង ៣លាន ១សែនគ្រាប់៕

ដោយ៖ជុន កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


