ព័ត៌មានជាតិ
លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ៖ ស្រ្តីជាសហគ្រិន ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ
លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា ស្រ្តីជាសហគ្រិន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ។

លោកស្រី បានលើកឡើងបែបនេះ ក្នុងវេទិកាស្ត្រី ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ «ស្ត្រី លើវិថីអ្នកជំនួញ សម័យ AI» ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៃសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប។
ក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា វេទិកាដែលសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានប្រារព្វឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាការផ្តល់តម្លៃឱ្យស្ត្រី និងបុរស ក្នុងភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិទាំងមូល និងការកើនឡើងនៃតួនាទីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តសៀមរាបផងដែរ។

វេទិការស្ត្រី ដើម្បីអ្នកទាំងអស់គ្នា នៃការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៤ និងការចែករំលែកចំណេះដឹងជាសាធារណៈ លើប្រធានបទ «ស្ត្រីលើវិថីអ្នកជំនួញ សម័យ AI » ក្នុងការលើកកម្ពស់ស្ត្រី និងជាអាទិភាព ក្នុងសង្គមបច្ចុប្បន្នមានសារសំខាន់ ដល់ការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និងចាប់ផ្តើមអាជីវកម្ម ដើម្បីឱ្យស្ត្រីកម្ពុជា អាចបន្តបង្កើនសមត្ថភាព ក្លាយជាអ្នកដឹកនាំអាជីវកម្ម និងអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានេះ លោកស្រី បានអបអរសាទរ ដល់ស្ត្រីក្រុមអាជីវកម្មទាំងអស់ ដែលបានជួបជុំគ្នានៅទីនេះ ហើយសង្ឃឹមថា តាមរយៈវេទិកានេះ នឹងអាចចែករំលែកបទ ពិសោធន៍ អភិវឌ្ឍគំនិតថ្មីៗ និងបង្កើតកិច្ចសហការសម្រាប់អនាគត។
ទន្ទឹមនេះ លោកស្រី ក៏បានកោតសសើរ ចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ជាពិសេសក្រុមប្រឹក្សាភិបាលទាំងអស់ក្នុង អាណត្តិទី២នេះ ដែលបានបំពេញការងារ យ៉ាងសម្បើម ក្នុងការជួយគាំទ្រ និងការពារស្ត្រី។ ជាពិសេសស្ត្រី សមាគមសហគ្រិន តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ ការកសាងបណ្តាញធុរកិច្ច ក្នុងការប្រមូលបញ្ហាប្រឈមនានារបស់សហគ្រិនស្ត្រី ដើម្បីនាំយកបញ្ហាប្រឈម ឬសំឡេងស្ត្រី ទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការស្វែងរកដំណោះស្រាយ ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី។

លោកស្រី បានគូសបញ្ជាក់ថា «អាជ្ញាធរខេត្ត បានកំពុងគាំទ្រដល់សកម្មភាពសហគ្រិនស្ត្រីនៅក្នុងខេត្ត ដោយផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងនោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប គឺជាដៃគូដែលមិនអាចខ្វះបាន និងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងផងដែរ សម្រាប់កិច្ចការសហគ្រិនភាពរបស់យើង ដើម្បីឱ្យមានចីរភាព»។
លោកស្រី បានធ្វើការផ្តាំផ្ញើ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមប្រឹក្សា ខិតខំប្រឹងប្រែង ដើម្បីស្ត្រី ជាពិសេសស្ត្រីជាសហគ្រិន ព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ លោកស្រីថា ការដឹកនាំ និងគ្រប់គ្រងរបស់ស្ត្រី ក៏មានភាពខុសប្លែកគ្នាពីបុរសខ្លះៗដែរ គឺបុរសមានភាពរឹងមាំជាងស្ត្រី ក្នុងការដឹកនាំស្ថាប័ន ឬក្រុមហ៊ុនជាដើម ប៉ុន្តែបើបុរសយើងរឹងមាំ ស្ត្រីត្រូវតែទន់ភ្លន់ ទើបអាចប្រព្រឹត្តិទៅបាន តែបើស្រ្តីរឹងមាំ បុរសត្រូវទន់ភ្លន់វិញទើបប្រសើរ បើមិនដូច្នោះទេ គឺមិនអាចរកភាពជោគជ័យបានឡើយ៕


ដោយ៖ គឿន វេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


