ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិកទាមទារឱ្យបង្រ្កាបលើ ក្រុមហ៊ុនចិនដែលប្រើប្រទេសទី៣ ដើម្បីគេចពន្ធ
បណ្ដាក្រុមហ៊ុនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានទាមទារឱ្យមានការពង្រឹងលើច្បាប់ពាណិជ្ជកម្ម និងធានាឱ្យបាននូវការកាត់ទោសព្រហ្មទណ្ឌចំពោះក្រុមហ៊ុនចិន ដែលគេចវេសពន្ធរបស់សហរដ្ឋអាមេរិក ដោយការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសទី៣។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយកប្រតិបត្តិមកពីក្រុមហ៊ុនឧស្សាហកម្មខ្នាតមធ្យមផ្សេងៗ រួមទាំងក្រុមហ៊ុនផលិតបំពង់ដែកថែប ទូផ្ទះបាយ និងទូដាក់ខោអាវ បានលើកឡើងក្នុងព្រឹត្តិការណ៍មួយជាមួយសមាជិកសភានៅវិមាន Capitol Hill ថា អស់ជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានបាត់បង់ចំណូលពន្ធគយ ហើយក្រុមហ៊ុនអាមេរិកត្រូវដកខ្លួនចេញពីអាជីវកម្ម ដោយសារតែការរំលោភលើច្បាប់ពាណិជ្ជកម្មរបស់ក្រុមហ៊ុនចិន។ ពួកគេបន្តថា កម្សោយនៃការអនុវត្តច្បាប់ ធ្វើឱ្យក្រុមហ៊ុនមានផ្លូវគេចវិធានការពន្ធ។
អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតបំពង់ដែក Zekelman Industries លោក Tom Muth បានថ្លែងយ៉ាងដូច្នេះថា៖ «យើងត្រូវបានគេបង្ខំឱ្យបិទរោងចក្រ កាត់បន្ថយការងារ និងកាត់បន្ថយការវិនិយោគ»។ លោកបន្តថា៖ «ការនាំចូលមិនមែនមានមកតែពីប្រទេសចិនដោយផ្ទាល់នោះទេ ប៉ុន្តែដោយប្រយោល។ វាមកពីប្រទេសផ្សេងៗដូចជា អូម៉ង់ ថៃ វៀតណាម និងអារ៉ាប់រួមជាដើម»។ លោកបន្តថា៖ «ប្រទេសទាំងនេះគឺជាអ្នកនាំចូលដ៏ធំនៃដែកថែបរមូរក្ដៅ ដែលទទួលបានការឧបត្ថម្ភធន និងសម្រាប់ការលក់បង្ខូចតម្លៃពីប្រទេសចិន»។
នាយកប្រតិបត្តិនៃក្រុមហ៊ុនឧបករណ៍ព្យួរសម្លៀកបំពាក់សម្រាប់ឧស្សាហកម្មវាយនភណ្ឌ M&B Metal Products Company, Inc លោក Milton Magnus បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានឈ្នះក្ដីលើសំណុំរឿងលក់បង្ខូចតម្លៃលើក្រុមហ៊ុនចិននៅឆ្នាំ ២០០៨ ប៉ុន្តែក្រោយពីនោះ គ្មានប្រសិទ្ធិភាពនោះទេ។
លោក Magnus បាននិយាយថា ចិនបានប្រើប្រទេសផ្សេងទៀតដើម្បីដឹកជញ្ជូនទំនិញរបស់ខ្លួន ប្ដូរឈ្មោះក្រុមហ៊ុន និងផ្លាស់ប្ដូរការដឹកជញ្ជូនជាដើម ដើម្បីដើរមុនគេ។

ក្រុមនាយកប្រតិបត្តិអាមេរិកទាំងនេះ គាំទ្រច្បាប់ទ្វេភាគីរបស់សភា ដែលនឹងបង្កើនការកាត់ទោសលើការគេចវេសពន្ធ និងថ្លៃពាណិជ្ជកម្មផ្សេងទៀត ដែលនោះ គឺ «ច្បាប់ស្ដីពីការការពារឧស្សាហកម្ម និងការងាររបស់អាមេរិកពីឧក្រិដ្ឋកម្មពាណិជ្ជកម្មអន្តរជាតិ»។ ការដាក់ស្នើឡើងវិញនូវច្បាប់ ដែលបរាជ័យមិនបានអនុម័តកាលពីឆ្នាំមុនមួយនេះ ធ្វើឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមសង្រ្គាមពន្ធថ្មីជាមួយប្រទេសចិន ក៏ដូចជាម៉ិកស៊ិក និងកាណាដាផងដែរ។
នាយិកាប្រតិបត្តិនៃសមាគមអ្នកផលិតទូរផ្ទះបាយ អ្នកស្រី Betsy Natz បាននិយាយថា៖ «ខ្ញុំឃើញថា រោងចក្ររបស់អាមេរិកបិទទ្វារ មិនមែនដោយសារតែពួកគេបរាជ័យនោះទេ ប៉ុន្តែដោយសារតែការអនុវត្តច្បាប់បានបរាជ័យ។ វាមិនអាចទទួលយកបានទេ»។ អ្នកស្រីបន្តថា ក្រុមហ៊ុនរបស់ខ្លួនបានចំណាយប្រាក់ ១០ លានដុល្លារ លើរឿងក្ដីប្រឆាំងការលក់បង្ខូចទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមានការដាក់ពន្ធ ២៦០ ភាគរយ លើក្រុមហ៊ុនចិន។ ប៉ុន្តែចុងក្រោយ ក្រុមហ៊ុនចិនបានប្រើវៀតណាម ម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូណេស៊ី ដើម្បីគេចពន្ធ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


