ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ រៀបចំប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ – Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»។

បើតាមក្រសួង ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ គឺដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។
បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដោយជ័យលាភីលេខ១ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ៤ លានរៀល។ ជ័យលាភីលេខ២ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប១ និងប្រាក់រង្វាន់ចំនួន ២លានរៀល។ ជ័យលាភីលេខ៣ មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និងប្រាក់រង្វាន់ចំនួន ១ លានរៀល។

សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៤ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។
សម្រាប់លក្ខខណ្ឌនៃការចូលរួម សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥)។ បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស។ សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ), ផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០។
ចំពោះនីតិវិធីនៃការវាយតម្លៃ៖ សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ។ ការជ្រើសរើសនឹងត្រូវធ្វើជា ២ដំណាក់កាល៖ ដំណាក់កាលទី១ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត។ ដំណាក់កាលទី២ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។
សូមស្កែន QR Code ដើម្បីទទួលបានឯកសារពាក់ព័ន្ធដូចជា ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ, គំរូទម្រង់សំបុត្រ និងកម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន និងសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩៕


-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


