ព័ត៌មានជាតិ
ខ្សែកាបអាកាសលើផ្លូវធំៗ ចំនួន ៨ កាត់ទម្លាក់ចោលរួចរាល់ ដើម្បីរក្សាសោភណភាពក្នុងរាជធានីភ្នំពេញ
ខ្សែកាបអាកាសនៅលើផ្លូវធំៗ ចំនួន ៨ ក្នុងចំណោមគម្រោង ៤០ ផ្លូវ ត្រូវបានជំនាញកាត់ទម្លាក់ចោលរួចរាល់ ក្នុងគោលដៅរក្សាសោភណភាពក្នុងរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាការចង្អុលបង្ហាញណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមមន្ត្រី សហការជាមួយមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន ចុះអនុវត្តការកាត់ទម្លាក់ចោលនូវខ្សែកាបចាស់ៗ ដែលទុកចោលជំពាក់ជុំព័ទ្ធគ្នានៅលើបង្គោលភ្លើង ដែលជាកត្តាបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់លើអាកាស និងបាត់បង់សោភណភាពក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តថា បច្ចុប្បន្ន អាជ្ញាធររាជធានី និងជំនាញពាក់ព័ន្ធ បានបន្តដំណើរការកាត់ខ្សែកាប ដល់ផ្លូវលេខ ១៦៤ និងផ្លូវលេខ ១៦៩ មូលដ្ឋានសង្កាត់អូរឫស្សីទី ២ និងមូលដ្ឋានសង្កាត់វាលវង់ នៃខណ្ឌ ៧ មករា។

ទន្ទឹមនឹងការងារនេះ ប្រជាពលរដ្ឋ បានសម្តែងការគាំទ្រចំពោះការអនុវត្តបែបនេះ ព្រោះការកាប់ចោលបែបនេះ ធ្វើឱ្យបរិយាកាសផ្នែកខាងលើអាកាសមើលទៅស្រលះល្អ ហើយពួកគាត់ទទួលអារម្មណ៍បានថា នៅតំបន់ពួកគាត់រស់នៅ មិនមានភាពរញ៉េរញ៉ៃបន្តទៀតផងដែរ ព្រោះកន្លងទៅតាមបង្គោលភ្លើងខ្សែកាបជាច្រើនហ៊ុមព័ទ្ធដែលអាចឆ្លងចរន្តអគ្គិសនី បង្កហានិភ័យដល់ពលរដ្ឋ។ ទៀតសោត ជាការធ្វើឱ្យសោភណភាពក្នុងរាជធានីភ្នំពេញកាន់តែមានភាពល្អប្រសើរ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តផងដែរ។

សូមបញ្ជាក់ថា មុនឈានដល់ដំណើរការចុះអនុវត្តនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញជាសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជនពាក់ព័ន្ធទាំងអស់ តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៤ មកម្ល៉េះ។ ខ្សែកាបដែលត្រូវកាត់ទម្លាក់ចោល មានប្រមាណ ៧០ ភាគរយ គឺសុទ្ធសឹងជាខ្សែកាបចាស់ដែលមិនមានការប្រើប្រាស់ ខណៈ ៣០ ភាគរយទៀត អាជ្ញាធររាជធានី តម្រូវឱ្យម្ចាស់ក្រុមហ៊ុនជាប្រតិបត្តិករ ប្តូរពីលើអាកាស ដាក់ទៅក្រោមដីជំនួសវិញ៕
អត្ថបទ ៖ សុភា






-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨


