Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ព្រមាន​ប្រើ​អាវុធប្រល័យ​លោក បើអស់​ជម្រើស ក្រោយរុស្ស៊ី បញ្ចប់​សមយុទ្ធនុយក្លេអ៊ែរដ៏ធំ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៦ បានថ្លែងថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាវិធានការ «ជម្រើសចុងក្រោយ» តែប៉ុណ្ណោះ ដែល​ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពរុស្ស៊ី និងបេឡារុស បានបញ្ចប់សមយុទ្ធនុយក្លេអ៊ែរដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលប្រព្រឹត្តទៅទាំងនៅលើគោក លើអាកាស និងលើផ្ទៃសមុទ្រ។

លោក ពូទីន (រូបថត៖​ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Independent មេដឹកនាំរុស្ស៊ី បានអះអាងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ គឺជាអ្នកធានាដ៏រឹងមាំសម្រាប់ «អធិបតេយ្យភាព» របស់ជាតិ ក្នុងពេលដែលសមយុទ្ធដ៏កក្រើកនេះ មានការចូលរួមពីកងទ័ពរហូតដល់ ៦៤ ០០០នាក់ រួមទាំងមានការប្រើប្រាស់នាវាមុជទឹក និងគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង (Hypersonic) ផងដែរ។

ភាគីខាងអឺរ៉ុប បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកសមយុទ្ធនុយក្លេអ៊ែរនេះថាជាការឌឺដង និងដុតរោល​ឱ្យកាន់តែមានភាពតានតឹងជាមួយអង្គការណាតូ (NATO)។ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បានព្រមានត្រឡប់ទៅវិញយ៉ាងចាស់ដៃថា រាល់ការវាយប្រហារណាមួយមកលើសមាជិកណាតូ នឹងត្រូវជួបប្រទះការវាយបកវិញយ៉ាងធ្ងន់ធ្ងរបំផុត រហូតដល់វិនាសកម្មមិនខាន។ សមយុទ្ធរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ សប្ដាហ៍​នេះ បានកើតឡើង ចំពេលដែលមានការវាយប្រហារយ៉ាងខ្លាំងក្លាពីដ្រូនរបស់អ៊ុយក្រែន ក្នុងនោះថែមទាំងមានដ្រូនហោះមកធ្លាក់នៅតំបន់ជាយក្រុងមូស្គូ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងខូចខាតអគារ ព្រមទាំងរោងចក្រមួយចំនួនទៀតផង។

ការវាយប្រហារចំកណ្តាលបេះដូងរុស្ស៊ីបែបនេះ បានធ្វើឱ្យមន្ត្រីនៅក្នុងវិមានក្រឹមឡាំង កាន់តែពិបាក ក្នុងការលាក់បាំង​ប្រជាជនខ្លួនឯងថា សង្គ្រាមនៅអ៊ុយក្រែន ដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទី៥ហើយនោះ ជារឿងនៅឆ្ងាយ​ឯ​ជើងមេឃទៀតហើយ ព្រោះ​វា​បាន​ចាប់ផ្ដើម​ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរុស្ស៊ីផ្ទាល់តែ​ម្ដង។

មីស៊ីលបាលិស្ទិកអន្តរទ្វីប Yars អំឡុងពេលសមយុទ្ធ (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

ក្រសួងការពារជាតិរុស្ស៊ី បានទម្លាយព័ត៌មានលម្អិតថា សមយុទ្ធលើក​នេះ មិនត្រឹមតែប្រើទ័ពរាប់ម៉ឺននាក់នោះទេ ប៉ុន្តែថែមទាំងមានឡានបាញ់មីស៊ីលជាង ២០០គ្រឿង យន្តហោះចម្បាំងជាង ១៤០គ្រឿង នាវាចម្បាំងលើទឹក ៧៣គ្រឿង និងនាវាមុជទឹក ១៣គ្រឿង ដែលក្នុងនោះមាននាវាមុជទឹកចំនួន ៨គ្រឿងប្រដាប់ដោយមីស៊ីលឆ្លងទ្វីបក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។ គោលបំណងធំនៃសមយុទ្ធនេះ គឺផ្តោតលើការរៀបចំ និងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ នៅពេលដែលមានការគំរាមកំហែងឈ្លានពានពីខាងក្រៅ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ សមយុទ្ធនេះ ក៏ជាការហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តស្លាប់រស់របស់រុស្ស៊ី និងជាកន្លែង ដែលរុស្ស៊ីយកអាវុធនុយក្លេអ៊ែរទៅដាក់ពង្រាយផងដែរ។ នៅក្នុងទឹកដីបេឡារុស អាមេរិក និងអឺរ៉ុប បានដឹងថា រុស្ស៊ីបានដាក់ប្រព័ន្ធមីស៊ីលទំនើបចុងក្រោយបង្អស់ប្រភេទ Oreshnik ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យមបាន។ ទីប្រឹក្សាយោធាជាន់ខ្ពស់របស់ចក្រភពអង់គ្លេស លោកវរសេនីយ៍ឯក Joby Rimmer បានរិះគន់ថា សមយុទ្ធនេះ ឆ្លុះបញ្ចាំងពីការដែល រុស្ស៊ីតែងតែប្រើប្រាស់ពាក្យសម្តីគំរាមកំហែង រឿងនុយក្លេអ៊ែរ ដោយគ្មានការទទួលខុសត្រូវ ក្នុងបំណងបំបាក់ស្មារតីគេឯង ក្នុងសង្គ្រាមអ៊ុយក្រែន។ លោកបានព្រមានថា នៅពេលដែលការទុកចិត្តគ្នារលាយបាត់ សេចក្តីប្រហែសតែបន្តិចបន្តួច ឬការយល់ច្រឡំណាមួយ អាចនឹងបង្កើតជាមហន្តរាយ សម្រាប់ពិភពលោកទាំងមូល។

ជាទូទៅ សមយុទ្ធនុយក្លេអ៊ែររបស់រុស្ស៊ី គឺប្រើប្រាស់តែក្បាលគ្រាប់ជជុះ ឬក្បាលគ្រាប់សម្រាប់ហ្វឹកហាត់ (គ្មានជាតិផ្ទុះពិតប្រាកដ) តែប៉ុណ្ណោះ។ វីដេអូមួយ ដែលក្រសួងការពារជាតិរុស្ស៊ីបញ្ចេញ បានបង្ហាញពីសកម្មភាពឡានយោធាដឹកជញ្ជូនគ្រាប់រ៉ុក្កែតធំៗ បើកបរដោយមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹង រួមទាំងរូបភាពនាវាមុជទឹក យន្តហោះ និងនាវាចម្បាំងជាច្រើនកំពុងចល័តទ័ព។ លោក ពូទីន តែងតែរំលឹកពិភពលោកញឹកញាប់ណាស់ អំពីអំណាចនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីលោកបានបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងរារាំងកុំឱ្យប្រទេសលោកខាងលិចលូកដៃជួយជ្រោមជ្រែងទីក្រុងកៀវខ្លាំងពេក។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ លោក ពូទីន បានកែប្រែច្បាប់ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយចែងថា ប្រសិនបើមានប្រទេសណាមួយប្រើប្រាស់អាវុធធម្មតាវាយប្រហារលើរុស្ស៊ី ប៉ុន្តែមានការគាំទ្រពីក្រោយដោយមហាអំណាចនុយក្លេអ៊ែរ នោះរុស្ស៊ីនឹងចាត់ទុកថា វាជាការវាយប្រហាររួមគ្នាមកលើប្រទេសខ្លួនភ្លាម។ ការព្រមានចំៗបែបនេះ គឺធ្វើឡើងដើម្បីគំរាមលោកខាងលិច កុំឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ហើយច្បាប់ថ្មីនេះ ក៏បានធ្វើឱ្យកម្រិតនៃការសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី កាន់តែងាយស្រួលជាងមុនឆ្ងាយណាស់។

ជាងនេះទៅទៀត ច្បាប់កែប្រែថ្មីនោះ ក៏បានដាក់ប្រទេសបេឡារុសឱ្យស្ថិតនៅក្រោមខែលការពារនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ។ លោក ពូទីន បានបញ្ជាក់ថា ទោះបីជារុស្ស៊ីជាអ្នកគ្រប់គ្រងប៊ូតុងនុយក្លេអ៊ែរទាំងស្រុង នៅក្នុងប្រទេសបេឡារុសក៏ដោយ ក៏​រុស្ស៊ីនឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តមួយនេះ ជាអ្នកជ្រើសរើសគោលដៅវាយប្រហារដោយខ្លួនឯង ប្រសិនបើមានសង្គ្រាមផ្ទុះឡើង។

បច្ចុប្បន្ន ទីក្រុងមូស្គូបានចោទប្រកាន់បណ្តាប្រទេសបាល់ទិក (Baltic) ថាបានបើកផ្លូវឱ្យដ្រូនអ៊ុយក្រែនហោះកាត់ទឹកដីរបស់ខ្លួន ដើម្បីទៅវាយប្រហារភាគខាងជើងរុស្ស៊ី ប៉ុន្តែភាគីណាតូបានបដិសេធ។ ក្រុមប្រទេសបាល់ទិក ដែលជាអ្នកគាំទ្រ​របស់អ៊ុយក្រែន បានតបតវិញថា រុស្ស៊ីខ្លួនឯងទេ ដែលជាអ្នកបាញ់រំខានរលកសញ្ញាធ្វើឱ្យដ្រូនអ៊ុយក្រែនវង្វេងផ្លូវ ហោះចូលក្នុងដែនអាកាសរបស់ពួកគេទាំងមិនដឹងខ្លួននោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម