Connect with us

ព័ត៌មានជាតិ

ភ្នំពេញទទួលបានអ្នកទេសចរជាង៤លាន ៣សែននាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ

បានផុស

នៅ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តចំនួននជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧មេសា ឆ្នាំ២០២៦នេះ។

លោកស្រីឱ្យដឹងថា នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។ សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំពោលថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០២៦ ពោលគឺថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅរាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់។ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់។ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ ។

លោកស្រីបន្តទៀតថា នេះបានបង្ហាញឱ្យឃើញថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ បានផ្តល់ភាពសប្បាយរីករាយ និងកក់ក្តៅលើសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាសុខសុវត្ថិភាពជូនពលរដ្ឋយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។

លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ខណៈកម្លាំងសមត្ថកិច្ច បានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរ៉ឹងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម