ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ វិស័យកសិកម្មកម្ពុជា នឹងរឹងមាំជាងមុន ប្រសិនបើការអនុវត្តកសិកម្មតាមកិច្ចសន្យា មានប្រសិទ្ធភាព
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃ ទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព ប្រសិនបើការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming អាចអនុវត្តបានដោយប្រសិទ្ធភាព។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា ក្នុងពេលកន្លងមក រដ្ឋមន្ត្រីក្រសួងកសិកម្មបាននឹងកំពុងដឹកនាំធ្វើកិច្ចការជាច្រើនដើម្បីជំរុញ និងបង្កបរិយាកាសអំណោយផលដល់ការធ្វើផលិតកម្មកសិកម្មជាប្រព័ន្ធបែបនេះ រួមមានការរៀបចំច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាផលិតជាសហគមន៍កសិកម្មទំនើប។
លោកថា៖ «ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្មទាំងមូល ជាពិសេសការពារកសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារពីហានិភ័យទីផ្សារ»។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការចុះកិច្ចសន្យាការធ្វើផលិតកម្មតាមកិច្ចសន្យា គឺជាចំណុចសំខាន់នៅក្នុងការបង្ហាញអំពីការផ្សារភ្ជាប់ទៅកាន់ទីផ្សារទុកជាមុនរបស់សហគមន៍កសិកម្មទំនើប ដែលកន្លងមកច្រើនប្រើពាក្យថា លក់មុនដាំ។

លោកបានពន្យល់ថា៖ «ការរៀបចំការធ្វើទីផ្សារទុកជាមុនរបស់សហគមន៍កសិកម្មទំនើប គឺពិតជាមានភាពចាំបាច់ណាស់ ក្នុងការផ្តល់ភាពច្បាស់លាស់ដល់កសិករ ទាំងបច្ចេកទេស ទាំងទីផ្សារ ដោយយើងនៅរង់ចាំមើលតែទិន្នផលប៉ុណ្ណោះ ដរាបណាយើងអាចទទួលបានទិន្នផលតាមការរំពឹងទុក នោះកសិករនឹងទួលបាននូវប្រាក់ចំណេញ»។
ជាគោលការណ៍នៅពេលដែលកសិករព្រមចងក្រងជាសហគមន៍កសិកម្មទំនើប កសិករនឹងទទួលបានការគាំទ្រផ្នែកទន់ បច្ចេកទេស និងផ្នែកទីផ្សារ ហើយក្រសួងនិងបន្តធ្វើការជាមួយគ្នា ដើម្បីឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដែលចូលមកតាមរយៈក្រសួង ក្រសួងនិងដើរតួនាទីជាអាជ្ញាកណ្ដាលមួយ ដល់ក្រុមហ៊ុនជាអ្នកទិញ ក៏ដូចជាកសិករដែលជាអ្នកផលិតលក់។
បើតាមលោក ឃឹម ហ្វីណង់ ប្រសិនបើមិនមានតួអង្គដូចជាក្រសួងកសិកម្ម ដែលមាននាយកដ្ឋានកសិឧស្សាហកម្មជាសេនាធិការនោះ គឺពិបាកនៅក្នុងការអនុវត្តការធ្វើផលិតកម្មតាមកិច្ចសន្យាណាស់។

ជាមួយគ្នានេះ លោក ឃឹម ហ្វីណង់ ក៏រំពឹងថា ចំណុចចាប់ផ្តើមនាពេលនេះនឹងក្លាយទៅជាចំណុចដំបូងនៃភាពច្បាស់លាស់មួយនៃការធ្វើកសិកម្មនៅកម្ពុជា ហើយសង្ឃឹមថាទាំងអស់នេះនឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគនៅផ្នែកខាងក្រោមនៃខ្សែចង្វាក់ផលិតកម្មនឹងចាប់ផ្តើមហ៊ានវិនិយោគ ដោយសារតែភាពច្បាស់លាស់ដែលក្រសួងបានបង្កើតនៃផ្នែកដើមនៃខ្សែចង្វាក់ផលិតកម្មនេះផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


