Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ជំរុញឱ្យសាខាមូលនិធិជាតិជំនួយសង្គម អនុវត្តតួនាទីភារកិច្ចឱ្យបានល្អ និងធានាបាននូវតម្លាភាព

បានផុស

នៅ

រដ្ឋបាលខេត្តរៀមរាប បានជំរុញឱ្យសាខាមូលនិធិជាតិជំនួយសង្គម រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅធានាបាននូវប្រក្រតីភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងក្នុងវគ្គរំលឹក ស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសម្រាប់មន្ត្រីកម្មវិធីឃុំសង្កាត់ ក្នុងខេត្តសៀមរាប ដែលរៀបចំដោយមូលនិធិជាតិជំនួយសង្គម និងរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមាន លោក ឌី រ៉ាដូ អភិបាលរងខេត្ត និង លោក យិន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក និងមានការចូលរួមពីតំណាងមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក ឌី រ៉ាដូ មានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គម ជាកម្មវិធីអាទិភាពមួយដែលរដ្ឋបាលខេត្ត បាននឹងកំពុងគាំទ្រ ជំរុញជាប់ជាប្រចាំដល់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តកម្មវិធីនេះឱ្យមានកិច្ចដំណើរការល្អ។ ទន្ទឹមនោះ រដ្ឋបាលខេត្តបានធ្វើការពិនិត្យ តាមដាន និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការឧបត្ថម្ភគ្រប់ៗគ្រួសារ។  

លោកក៏បានជំរុញឱ្យសាខាមូលនិធិជាតិជំនួយសង្គម រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ធ្វើរាយការណ៍វឌ្ឍនភាពជាប្រចាំ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក ហើយប្រសិនបើមានភាពរាំងស្ទះត្រង់ណា ស្នើសុំគោលការណ៍មករដ្ឋបាលខេត្ត ដើម្បីជួយសម្របសម្រួលបន្ថែម។ លើសពីនេះ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានសកម្ម ដើម្បីគាំទ្រដល់ដំណើរការកម្មវិធីនេះ។

ចំណែក លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានលើកឡើងថា ដើម្បីឱ្យសម្រេចបាននូវឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវប្រក្រតីភាព ប្រសិទ្ធផល ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយនៃកម្មវិធី។

លោកស្រី ភា សុសាន្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គ្រួសារពលរដ្ឋមានបណ្ណសមធម៌បានចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសរុបចំនួន ៦០ ៥៩៣គ្រួសារ និងមានសមាជិកគ្រួសារដែលមានភាពងាយរងគ្រោះ និងកំពុងទទួលផលពីកម្មវិធីសរុបចំនួន ៨០ ៤៦៦នាក់។ ជាមួយគ្នានេះ សាខាបាននឹងកំពុងប្រចាំការសម្របសម្រួលដោះស្រាយ ពិសេសឆ្លើយតបទៅនឹងបញ្ហាផ្សេងក្នុងដែនសមត្ថកិច្ច សំដៅធានាបាននូវដំណើរការជាប្រក្រតីនៃកម្មវិធី៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម