ព័ត៌មានអន្ដរជាតិ
ប្រជាជនប៉ាឡេស្ទីន ដង្ហែសពប្រមុខយោធាហាម៉ាស ស្ទើរពេញក្រុងហ្គាហ្សា
ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សារាប់សិបនាក់ កាលពីថ្ងៃទី២៧ ខែឧសភា បានដង្ហែសាកសពប្រធានក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស លោក Mohammad Odeh កាត់តាមដងផ្លូវនានាក្នុងទីក្រុងហ្គាហ្សា ក្នុងពិធីបុណ្យសពមួយ គឺមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារសម្លាប់រូបលោក ក្នុងយុទ្ធនាការកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធនេះ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា លោក Mohammad Odeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំគោលដៅកាលពីយប់ថ្ងៃអង្គារ ពោលគឺត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកកាន់តំណែងមុន គឺ លោក Izz al-Din al-Haddad ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ហ្គាហ្សា។
ការបាត់បង់ជីវិតទាំងនេះមានន័យថា ក្រុមសកម្មប្រយុទ្ធស្ទើរតែគ្មានមេដឹកនាំដែលមានបទពិសោធន៍សេសសល់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីដឹកនាំផ្នែកប្រដាប់អាវុធរបស់ខ្លួនទៀតឡើយ ចំពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតក្នុងភាពទាល់ច្រក នៃកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក ដើម្បីរុញច្រានផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្គាហ្សា។
ប៉ុន្មានម៉ោងក្រោយពិធីបុណ្យសពរបស់លោក Odeh យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើសមាជិកសកម្មប្រយុទ្ធហាម៉ាសពីររូបទៀត នៅក្នុងការវាយប្រហារមួយនៅភាគខាងជើងហ្គាហ្សា ដោយមិនបានបង្ហាញអត្តសញ្ញាណរបស់ពួកគេឡើយ។
យ៉ាងណាមិញ មន្ត្រីសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារដែលបានសម្លាប់លោក Odeh ប្រពន្ធ និងកូនប្រុសរបស់លោក ក៏បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ផ្សេងទៀតស្លាប់ និងជាង ២០ នាក់រងរបួស។ ការវាយប្រហារនេះបានបំផ្លាញជាន់ខាងលើនៃអគារស្នាក់នៅមួយ ក្នុងសង្កាត់ Rimal នៃទីក្រុងហ្គាហ្សា។ ក្រុមអ្នកជួយសង្គ្រោះបានកាយគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះដែលអាចកើតមានបន្ថែមទៀត កាលពីព្រឹកថ្ងៃពុធ។
សូមបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមហ្គាហ្សា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំ រួមទាំងមន្ត្រីយោធារបស់ក្រុមហាម៉ាសរាប់សិបនាក់ ខណៈនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ ឬចាប់ខ្លួននរណាម្នាក់ដែលខ្លួននិយាយថា មានការពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អ៊ីស្រាអែល ថាខ្លួនវាយប្រហារចំមេបញ្ជាការថ្មីរបស់ហាម៉ាស ក្រោយកាន់តំណែងតែមួយសប្តាហ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


