ព័ត៌មានជាតិ
បច្ចុប្បន្នកម្ពុជាមានកំពង់ផែ ១១៩ កន្លែង ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ
កម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេសរុបចំនួន ១១៩ កន្លែង ដែលបានកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។
ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពតនៅព្រឹកនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែតាមដងទន្លេចំនួន ១១៩ កន្លែងដែលកំពុងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា ក្នុងនោះនៅតាមតំបន់ឆ្នេរសមុទ្រមានកំពង់ផែក្រុងព្រះសីហនុ រួមទាំងកំពង់ផែចំនួន ៣០ ផ្សេងទៀត និងនៅតាមដងទន្លេមានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត។

ពាក់ព័ន្ធការដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាត់ទុកជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្តាប្រទេសនានា។ នេះបើតាមលោក ប៉េង ពោធិ៍នា។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការដំណើរការកំពង់ផែនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រជាមួយប្រទេសជិតខាងក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ដែលទទួលបានសិទ្ធិគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែទេសចរណ៍កំពត បានសហការជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរសរុបជាង ៧ ០០០នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ ដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនក៏បានសិក្សាអំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បីបង្កើនការប្រើប្រាស់សេវាកម្មកំពង់ផែ ជំរុញលើកកម្ពស់លំហូរទេសចរណ៍ ឬសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងពង្រីកវិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត។
កំពង់ផែទេសចរណ៍អន្តរជាតិកំពតសាងសង់នៅលើផ្ទៃដី ៤,២៥ ហិកតា។ បច្ចុប្បន្ន កំពង់ផែទេសចរណ៍អន្តរជាតិកំពតអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូលចេញកំពង់ផែជាលក្ខណៈអន្តរជាតិបាន។
តាមគម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្រាយផ្លូវសម្រាប់នាវាចរណ៍ត្រូវមានជម្រៅទឹក ៣ ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥ គីឡូម៉ែត្រ និងទទឹងទំហំ ៦២ ម៉ែត្រ មាន ២ គន្លងទៅមក។
ផ្តើមចេញពីគម្រោង និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលបានសាងសង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍កំពង់ផែនឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹកលើសពី ៣ ម៉ែត្រ ទទឹងប្រវែងពី ១៦០ ម៉ែត្រ ទៅ ៣៤០ ម៉ែត្រ ដែលមានប្រវែងរហូតដល់ ១៥ គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


