Connect with us

ព័ត៌មានជាតិ

ប្រជាកសិករនៅស្រុកឈូកលើកឡើងថា ផលិតផល និងកសិផលក្នុងស្រុករបស់ពួកគេកំពុងមានទីផ្សារ និងគាំទ្រខ្លាំងពីមហាជន

បានផុស

នៅ

លោក ឆាយ សុីនឿន ជាម្ចាស់សិប្បកម្មកែច្នៃប្រេងដូង និងកសិករម្ចាស់ចម្ការដូងនៅស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថា ពួកគេកំពុងសប្បាយរីករាយក្នុងការប្រកបមុខរកទទួលទាន ព្រោះផលិតផល និងកសិផលក្នុងស្រុករបស់ពួកគេមានការនិយមគាំទ្រប្រើប្រាស់ និងទទួលទានកាន់តែច្រើនឡើងៗ។ ពួកគេគ្រោងពង្រីក និងកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង គឹមហុង អ្នកលក់ទាអាំងនៅស្រុកឈូក បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានយកចិត្តទុកដាក់អភិវឌ្ឍខេត្ត ទាក់ទាញទេសចរឲ្យមកយ៉ាងច្រើន ខណៈដែលលោក សៅ មឿន អភិបាលស្រុកឈូក បានរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបានល្អប្រសើរ ធ្វើឲ្យការលក់ទាអាំងនៅឈូកដាច់បានច្រើនជាងមុន ព្រោះមានកន្លែងចតរថយន្តត្រឹមត្រូវ។

ដូចគ្នានេះដែរ លោក ឆាយ ស៊ីនឿន ជាម្ចាស់សិប្បកម្មប្រេងដូង “The coconut” មិនត្រឹមតែអាចបង្កើនការផលិតទ្វេដងទេ ថែមទាំងបង្កើនចំណេះជំនាញ កែច្នៃផលិតសាប៊ូដុំ និងផលិតជីកសិកម្មធម្មជាតិពីសំបកដូងថែមទៀត។

ចំណែកលោក ស៊ន សុខហេង ម្ចាស់ចម្ការដូងឯនោះវិញ ក៏បានប្រាប់ឲ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ មន្ត្រីជំនាញកសិកម្ម ក្នុងការផ្តល់បច្ចេកទេស និងជំរុញទីផ្សារ គ្រួសារលោកដែលជាកសិករដាំដំណាំដូង បន្លែរួមផ្សំ និងការចិញ្ចឹមសត្វ មានជីវភាពកាន់តែប្រសើរ ពិសេសពេលដែលមិនមាននាំចូលកសិផលពីប្រទេសថៃ។

ប្រជាពលរដ្ឋស្រុកឈូក បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ ដែលបាននិងកំពុងជួយជំរុញ និងលើកកម្ពស់ផលិតផល និងកសិផលក្នុងស្រុក ដែលជាផ្នែកមួយសំខាន់ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារកសិករ ផលិតករ និងអាជីវករ ហើយបានអំពាវនាវឲ្យពលរដ្ឋ និងរាជរដ្ឋាភិបាលបន្តជួយគាំទ្របន្តទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម