Connect with us

ព័ត៌មានជាតិ

​​សក្តានុពល​ខេត្ត​​កំពត​មាន​ដំណាំ​កសិកម្ម ​​​រួមទាំង​ឈើ​ហូបផ្លែ​ពេញនិយម​​ជាច្រើន​មុខ ដាំដុះលើផ្ទៃដីរាប់ពាន់ហិកតា​

បានផុស

នៅ

ខេត្ត​កំពត​មា​នសក្តានុពលលើវិស័យ​កសិកម្ម រួមទាំង​សំបូរ​ដំណាំឈើ​ហូបផ្លែ​ជាច្រើន​ប្រភេទ​ ត្រូវ​បាន​​ដាំដុះនៅលើផ្ទៃដី​រាប់ពាន់ហិកតា ហើយ​មានដំណាំ​ខ្លះមាន​សក្តានុពល​ខ្ពស់​ អាច​​នាំចេញទៅ​លក់​ដល់ទីផ្សារ​បរទេស​រហូត​ដល់​ប្រទេស​នៅអឺរ៉ុប​។

លោក មឿង គង្គា អភិបាល​រង​ខេត្ត​កំពត​បានលើកឡើង​​ពី​សក្តានុពល​​នៃ​វិស័យកសិកម្ម និង​ដំណាំ​យុទ្ធសាស្ត្រ​នៅក្នុងខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មឿង គង្គា អភិបាល​រង​ខេត្ត​កំពត

លោក​ថា ខេត្ត​កំពតមាន​ផ្ទៃដីដាំដុះដំណាំ​ស្រូវប្រមាណ​ជា ១៤ ម៉ឺន​ហិកតា​ ជាមួយ​​បរិមាណ​ផល​ផលិត​បានមានចំនួន ៤៨ ម៉ឺនតោន ជាមួយ​តុល្យភាពស្បៀង​គិតជាស្រូវនៅសល់ប្រមាណ ២៥ ម៉ឺន​តោន។

លោកថា ខេត្តកំពត​ក៏​មានទិសដៅ​ពង្រីក និង​បង្កើនការងារដាំដុះដំណាំស្រូវបន្ថែមទៀតទៅថ្ងៃអនាគត។

ក្រៅពី​ដំណាំ​ស្រូវ ​ដំណាំ​សក្តានុពល​ផ្សេង​ទៀត​ក្នុង​នោះ​ ​មាន​ម្រេចកំពត​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។

លោកថា ម្រេច​កំពត​ត្រូវ​បាន​ដាំ​នៅ​ស្រុក​ទឹកឈូ ស្រុក​ដងទង់ ស្រុក​ឈូក និង​ស្រុកកំពង់ត្រាច​ដែល​ផ្ទៃដីដាំដុះ​មាន​ប្រមាណ ២៨៦ ហិកតា និង​ទទួលបានបរិមាណផលប្រហែល ៤៤១ តោន។

ម្រេចកំពតភាគច្រើន​នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដែល​ជាចំណែក​ទីផ្សារលក់​ចេញ​ធំ​ជាងគេ។

ប្រភេទម្រេចកំពតមាន ៣ ប្រភេទ គឺ ម្រេចខ្មៅ ម្រេចក្រហម និងម្រេច​ស ដែល​មាន​តម្លៃ​ខុស​ៗ​គ្នា។ ក្នុងនោះម្រេច​សមាន​តម្លៃថ្លៃជាងគេបំផុតប្រមាណ ៣០ ដុល្លារក្នុងមួយគីឡូក្រាម។

ដំណាំទុរេន ក៏​ជាដំណាំ​ដ៏​មាន​ប្រជាប្រិយ ដែលក្នុង​ខេត្តមានផ្ទៃដី​​ដាំដុះ​ប្រមាណ ២,៥០០ ហិកតា និង​ទទួលបាន​បរិមាណ​ផល​ប្រហែល ២ ម៉ឺន​តោន សម្រាប់លក់នៅក្នុងស្រុក។

តំបន់​ដែល​មានការ​ដាំដុះ​ទុរេន​ច្រើន​​មាននៅ​​ស្រុក​ទឹកឈូ ស្រុក​ឈូក ផ្នែក​ខ្លះ​នៃស្រុកដងទង់ និង​ស្រុក​កំពង់ត្រាច។

យ៉ាងណាមិញ ទុរេន​ដែលឆ្ងាញ់​ប្រចាំតំបន់និង​ល្បីល្បាញជាងគេ គឺដាំនៅជើងភ្នំបូកគោ (ជើងភ្នំកំចាយ) ដោយ​មានពូជ​ល្បីគឺ​ប្រភេទ​ឪខាក់។

លោក​ មឿង គង្គា អះអាងថា ទុរេនដែលដាំនៅកំពត​មាន​ទីផ្សារ​ធំទូលាយ ហើយ​ក៏​មានការ​ពេញនិយម​​ដាំដុះច្រើន។

ដើម្បី​ការពារ​អត្តសញ្ញាណ​ទុរេន​កំពត​ អភិបាល​ខេត្តបាន​បញ្ជាឲ្យ​សមត្ថកិច្ចនិង​កម្លាំង​ជំនាញ​ ចូលរួម​ដើម្បីទប់ស្កាត់ការនាំចូលទុរេនពីប្រទេសជិតខាង និងត្រួតពិនិត្យគោលដៅលក់ដូរដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​ទុរេន​កំពត​កុំ​ឲ្យប៉ះពាល់។

ដោយឡែក ដំណាំ​ដូងក៏ជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​ខេត្ត​តំបន់​ឆ្នេរ​នេះ។ ខេត្តកំពត​​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ៥ ០០០ ហិកតា និង​ផ្ទៃដីប្រមូលផលមាន ៤ ០០០ ហិកតា។

កាលពីមុន ខេត្តកំពតធ្លាប់ខ្វះខាតដូងសម្រាប់ផ្គត់ផ្គង់ទេសចរ ប៉ុន្តែបច្ចុប្បន្ន​មានការផ្គត់​ផ្គង់​គ្រប់​គ្រាន់ ដោយសារ​ការជំរុញការដាំដុះពីមន្ទីរកសិកម្ម រួមផ្សំនឹងការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និង​ក្រុមហ៊ុន។

ដូងខេត្តកំពត​មានរសជាតិផ្អែមឆ្ងាញ់ ដោយក្រៅពីផ្គត់ផ្គង់ទេសចរណ៍ក្នុងខេត្ត ក៏មានការដឹក​ជញ្ជូន​យក​ទៅលក់​នៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតផងដែរ។

ជាមួយ​គ្នានេះ ស្វាយកែវ​រមៀត និង​ចេកអំបូងលឿងក៏​មាន​ការ​ដាំដុះ​បានច្រើន​នៅក្នុង​ខេត្តកំពត និង​មានការនាំចេញ​ទៅកាន់បណ្តាប្រទេសនានា ដូចជា​ប្រទេសចិនជាដើម។

ចេកអំបូង​លឿង​មាន​ក្រុមហ៊ុនចំនួនពីរ​កំពុង​វិនិយោគ​សម្រាប់លក់ក្នុងស្រុក និង​នាំចេញ​ទៅក្រៅប្រទេស។

លោក មឿង គង្គា បាន​គូស​បញ្ជាក់ថា វិស័យកសិកម្ម​បាន​​ដើរតួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេសគឺ​ការផ្គត់ផ្គង់​ដល់វិស័យ​ទេសចរណ៍​ជាតិ និងអន្តរជាតិ​ដែល​មកកម្សាន្ត​នៅ​ខេត្តកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម