ព័ត៌មានជាតិ
សម្តេចធិបតី ជំរុញអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈជាអាវក្រោះការពារគ្រប់កាលៈទេសៈ
ក្នុងឱកាសដែលបណ្តាប្រទេសនានានៅលើពិភពលោក ជាមួយនឹងកម្ពុជា ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី
ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈដែលជាអាវក្រោះការពារគ្រប់កាលៈទេសៈ។
ការជំរុញនេះ ធ្វើឡើងតាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត។

សម្តេចបានគូសរំលេចថា ទិវាសេរីភាពសារព័ត៌មាននេះ ជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។
ក្នុងន័យនេះ ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន។ សារលិខិតសម្តេចបន្តថា៖«ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាព សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជាអាវក្រោះ ការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ»។

ការណ៍នេះទាមទារឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងសាធារណជនដែលជាអ្នកទទួលនិងប្រើប្រាស់ព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មឌីជីថល ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានា បានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរព គោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទិកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលព័ត៌មាន។
ជាមួយការរីកចម្រើននិងភាពសម្បូណ៌បែប យើងទាំងអស់គ្នាក៏បានកត់សម្គាល់ពីការប្រើប្រាស់ ឧត្តមភាពផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិផងដែរ។ សម្តេចសង្កត់ធ្ងន់ថា៖« ក្នុងន័យនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងក្នុងតំបន់ និងលើសកលលោក»។

កម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ «នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល»។ នេះបើតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


