ព័ត៌មានជាតិ
សន្ទុះអ្នកទេសចរទៅកម្សាន្តនៅខេត្តកោះកុង កើនឡើងទ្វេដង ក្រោយផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនាជិតរួចរាល់
អត្រាចំនួនភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តកោះកុងតាមតំបន់រមណីយដ្ឋានទេសចរណ៍ ត្រូវបានគេសង្កេតឃើញថា មានសន្ទុះកើតឡើងទ្វេដងមិនធ្លាប់មានពីមុនមក ខណៈផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ស្ថាបនាជិតចប់ជាស្ថាពរ។ អាចនិយាយបានថា ជាប្រវត្ថិសាស្រ្តមួយសម្រាប់ខេត្តកោះកុងដែលទទួលភ្ញៀវទេសចរមកលំហែកាយច្រើនលើសលុបអំឡុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ។

លោក រិន សុខា ពលរដ្ឋមកពីខេត្តតាកែវ និងអ្នកស្រី ស្រីតូច មកពីខេត្តកំពង់ចាម លើកឡើងនៅថ្ងៃទី១៥ ខែឧសភា នេះថា ដំណើរកម្សាន្តរបស់ពួកគាត់ក្នុងនាមជាអ្នកទេសចរក្នុងស្រុក ពិតជាសប្បាយរីករាយនឹងសម្រស់នៃទេសភាពធម្មជាតិរបស់ខេត្តកោះកុង ពិសេសការគយគន់ទេសភាពបៃតង និងជីវភាពរស់នៅរបស់ពលរដ្ឋតាមដងផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៤៨ ដែលជិតស្ថាបនារួចរាល់។

តំណាងប្រជាពលរដ្ឋដដែលបន្តថា ពួកគាត់បានទៅលេងតំបន់ព្រៃកោងកាង ពាមក្រសោប ឆ្នេរសមុទ្រប៉ាក់ខ្លង តំបន់ព្រំដែនអន្តរជាតិចាំយាម និងទឹកជ្រោះតាតៃក្រោម ហើយនឹងបន្តដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ។ ពលរដ្ឋអ្នកទេសចរ ក៏មើលឃើញពីចំណុចខ្វះខាតរបស់ខេត្តដែរ ដោយពេលមានពិធីបុណ្យទានតូចធំ ពុំមានកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរ ដូច្នេះពួកគាត់ស្នើដល់អាជ្ញាធរ និងមន្ទីរជំនាញមេត្តាគិតគូរយកចិត្តទុកដាក់ឡើងវិញពីសេវាកម្មស្នាក់នៅនេះ។

ចំណែកអ្នកស្រី យ៉ុង នី ជាអ្នកលក់ដូរភេសជ្ជៈ និងអ្នកស្រី សុខ ស្រីណេន ជាអ្នកលក់ផ្កានៅតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែន នៅស្រុកមណ្ឌលសីមា អះអាងថា ពួកគាត់ពិតជាសប្បាយចិត្តពេលឃើញមានអត្រាភ្ញៀវទេសចរមកលេងកម្សាន្តច្រើន។ ភ្ញៀវមកលេងច្រើន ធ្វើឱ្យសេដ្ឋកិច្ចចំណូលរបស់ពួកគាត់កើនឡើងច្រើនជាងពេលមុនៗ។ ចំពោះសម្ភារៈទំនិញដែលលក់ជូនភ្ញៀវទេសចរមិនដំឡើងថ្លៃអី្វនោះទេ ពោលគឺរក្សាតម្លៃនៅដដែល។

តំណាងអាជីករដដែលបន្តថា ២ឆ្នាំមុន ស្ងាត់ភ្ញៀវមកលេងណាស់ ពេលដែលផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ធ្វើមិនទាន់រួចរាល់ស្អាតដូចពេលនេះ ពួកគាត់រកចំណូលពីការលក់ដូរមិនសូវបាននោះទេ។

គួរកត់សម្គាល់ថា កាលពីម្សិលមិញផ្ទះសំណាក់ និងសណ្ឋាគរនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ត្រូវបានភ្ញៀវកក់ចូលស្នាក់នៅអស់គ្មានសល់នោះទេ រហូតដល់ពលរដ្ឋទេសចរខ្លះទៅស្នាក់នៅតាមវត្តអារាមក៏មានដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន