ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានថា បាងកក ប្រឈមហានិភ័យ គ្រោះរញ្ជួយដី នាអនាគត
ក្រុមអ្នកជំនាញថៃ បានចេញការព្រមានថា រាជធានីបាងកក នឹងត្រូវប្រឈមហានិភ័យនៃគ្រោះរញ្ជួយដីនាពេលអនាគត ដ្បិតបច្ចុប្បន្នមិនទាន់អាចព្យាករថា វានឹងមានកម្លាំងខ្លាំងកម្រិតណាក៏ដោយ។

នៅឯវេទិកា «ក្រោយគ្រោះរញ្ជួយដី៖ ពីមេរៀនទៅការការពារ។ អ្វីដែលយើងត្រូវដឹងនៅពេលពិភពលោកផ្លាស់ប្តូរ» របស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai ប្រធានកម្មវិធីវិស្វកម្មរចនាសម្ព័ន្ធ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី បាននិយាយ ការសិក្សាពីមុនបានរកឃើញបន្ទះតិចតូនិចធំៗចំនួន៣ ដែលអាចបង្កឲ្យមានការរញ្ជួយដីខ្លាំងប៉ះពាល់ដល់ទីក្រុងបាងកក។
តាមការលើកឡើងរបស់លោក Warnitchai, បន្ទះតិចតូនិចទាំង៣នោះមានដូចជា Kanchanaburi Fault នៅភាគខាងលិចប្រទេសថៃ ដែលអាចបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិត៧.០ទៅ៧.៥រ៉ិចទ័រ, Sagaing Fault នៅប្រទេសមីយ៉ាន់ម៉ា អាចបង្កឲ្យមានគ្រោះរញ្ជួយដីឈានដល់៨រ៉ិចទ័រ និង Arakan Subduction Zone ក្នុងសមុទ្រ Andaman ដែលអាចបង្កគ្រោះរញ្ជួយដីដ៏ខ្លាំងរហូតដល់ ៨.៥ទៅ៩.០រ៉ិចទ័រឯណោះ។

ចំពោះមូលហេតុដែលបាងកកប្រឈមហានិភ័យ ត្រូវបានលោកពន្យល់ថា គឺដោយសារតែរាជធានីនៃប្រទេសថៃនិងតំបន់ជុំវិញ មានទីតាំងស្ថិតនៅលើតំបន់បាតខ្ទះដែលមានដីទន់ ដូច្នេះក្នុងករណីកើតរញ្ជួយដីនៅទីឆ្ងាយ រលករញ្ជួយនឹងធ្វើដំណើរមកហើយពង្រីកផលប៉ះពាល់៣ទៅ៤ដង ពេលវាឆ្លងកាត់តំបន់បាតខ្ទះនេះ។
ការព្រមាននេះធ្វើឲ្យគេនឹកឃើញដល់កាលពីខែមុន ដែលលោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn ក៏ចេញការព្រមានដែរថា ប្រទេសថៃ នឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណាទេ។

ភ្ជាប់ជាមួយការព្រមាននោះ អ្នកជំនាញទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។
សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារ ខណៈគិតត្រឹមពេលនេះ មានមនុស្សស្លាប់៩២នាក់ របួស៩នាក់ និងបាត់ខ្លួន៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


