ព័ត៌មានអន្ដរជាតិ
ទឹកមុខម៉ឺងម៉ាត់ ស្ងប់ស្ងាត់របស់ជំទាវទី១កូរ៉េខាងត្បូង ទាក់ចិត្តប្រជាជនលើកសរសើរព្រោងព្រាត
បន្ទាប់ពីលោក Lee Jae Myung ត្រូវបានប្រកាសជាប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូងកាលព្រឹកថ្ងៃទី៤ ខែមិថុនា ភរិយារបស់លោកគឺជំទាវទីមួយ លោកស្រី Kim Hye Kyung ក៏បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ពោលគឺទាក់ទាញចិត្តអ្នកលេងអ៊ីនធឺណេតកូរ៉េជាច្រើន ជាមួយនឹងរូបរាងដ៏ឆើតឆាយ និងអាកប្បកិរិយាស្ងប់ស្ងាត់ចម្លែក។

យោងតាមសារព័ត៌មាន The Korea Herald ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់លោក Lee Jae Myung ចាប់ពីថ្ងៃទី ១២ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា លោកស្រីតែងតែរក្សាអាកប្បកិរិយារាបទាប គាំទ្រស្វាមីដោយស្ងៀមស្ងាត់ និងនៅដាច់ដោយឡែកពីយុទ្ធនាការ។ ជាពិសេស លោកស្រី Kim គ្រាន់តែបង្ហាញមុខជាសាធារណៈជាមួយស្វាមី បន្ទាប់ពីលោកជាប់ឆ្នោតតែប៉ុណ្ណោះ។
នៅក្នុងការបង្ហាញខ្លួន ជំទាវទីមួយកូរ៉េតែងស្លៀកសម្លៀកបំពាក់ការិយាល័យ រួមទាំងអាវកាក់ និងសំពត់ខ្មៅ។ គាត់ហាក់ដូចជាចូលចិត្តតែពណ៌ខ្មៅ ស និងប្រផេះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ លោកស្រីបានទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនកូរ៉េយ៉ាងឆាប់រហ័ស ជាមួយនឹងរូបរាងដ៏ឆើតឆាយ និងអាកប្បកិរិយាស្ងប់ស្ងាត់ ព្រមទាំងទំនុកចិត្តចេញពីក្នុងខ្លួន។
អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា គាត់ពិតជាឆើតឆាយ និងស្រស់ស្អាត ខណៈដែលកែវភ្នែករបស់គាត់មុតស្រួចមិនដូចអ្នកផ្សេង។ អ្នកផ្សេងទៀតបានចូលរួមយោលបល់ថា គាត់មើលទៅឆ្លាត និងម៉ឺងម៉ាត់ ឯសម្លៀកបំពាក់មើលទៅប្រណិត សក្តិសមជាភរិយារបស់ប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង។ ចំណែកកាយវិការគឺស្តង់ដារចេញពីធម្មជាតិ គាតពោរពេញដោយអាកប្បកិរិយារបស់នារីថ្លៃថ្នូរ នេះគឺជាជំទាវទីមួយដែលប្រជាជនកូរ៉េចង់បានបំផុត។
អ្នកស្រី Kim Hye Kyung កើតនៅឆ្នាំ ១៩៦៦ ក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព្យាណូពីសាកលវិទ្យាល័យ Sookmyung Women’s University នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ខុសពីស្វាមីដែលមានកុមារភាពជាក្មេងមកពីតំបន់ក្រីក្រ លោកស្រីមិនបាច់ខ្វល់ខ្វាយច្រើនពីជីវិតឡើយ។ ពេលបានជួបលោក Lee ជាលើកដំបូង គាត់កំពុងត្រៀមខ្លួនទៅសិក្សានៅបរទេសក្នុងប្រទេសអូទ្រីស ដោយបន្តក្ដីស្រមៃផ្នែកតន្ត្រី។ ទោះយ៉ាងណាក៏ដោយ ការជួបគ្នារវាងគូស្នេហ៍ បានធ្វើឲ្យជោគវាសនាផ្លាស់ប្តូរអ្វីៗទាំងអស់។
នៅពេលនោះ លោក Lee Jae Myung កំពុងអនុវត្តច្បាប់។ អ្នកទាំងពីរបានជួបគ្នាតាមរយៈការណែនាំបងថ្លៃស្រីរបស់លោក Lee ក្នុងខែសីហា ឆ្នាំ១៩៩០។ លោកស្រី Kim បានសម្រេចចិត្តមិនទៅក្រៅប្រទេសទៀតទេ ប៉ុន្តែបានជ្រើសរើសរៀបការជាមួយលោកក្នុងខែមីនា ឆ្នាំ ១៩៩១។ ពួកគេមានកូនប្រុសពីរនាក់រួមគ្នាគឺ Lee Dong Ho និង Lee Yoon Ho។

ដំបូងឡើយ លោកស្រីហាក់មិនចង់ឲ្យស្វាមីបន្តអាជីពនយោបាយឡើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅពេលដែលប្រធានាធិបតីថ្មីបាននិយាយថា គាត់ចង់ឈរឈ្មោះជាអភិបាលក្រុង Seongnam ខេត្ត Gyeonggi ក្នុងឆ្នាំ ២០០៦ លោកស្រីបានគំរាមលែងលះគ្នា។
យ៉ាងណាមិញ ក្រោយពីឃើញការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ស្វាមី គាត់បានប្ដូរមកជួយប្ដីវិញ។ គាត់បាននៅក្បែរលោក Kim តាមរយៈព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីពរបស់គាត់ ចាប់ពីអភិបាលក្រុង Seongnam (២០១០ ដល់២០១៨) អភិបាលខេត្ត Gyeonggi (២០១៨ ដល់ ២០២១) រហូតដល់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង។
ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់លោក Lee ក្នុងឆ្នាំ ២០១៧ គាត់បានអមដំណើរស្វាមីពេញមួយយុទ្ធនាការ ហើយថែមទាំងបានចូលរួមក្នុងកម្មវិធីកម្សាន្តផងដែរ។ គាត់បានបង្កើតរូបភាពស្ត្រីមេផ្ទះដែលលះបង់ និងជាមេចុងភៅដ៏ឆ្នើមសម្រាប់គ្រួសារ។ នៅឆ្នាំ ២០១៨ គាត់បានបោះពុម្ពសៀវភៅធ្វើម្ហូប ដែលមានចំណងជើងថា «Let’s Make Meals» ។
យ៉ាងណាក៏ដោយ ជំទាវទីមួយកូរ៉េរូបនេះ ក៏ធ្លាប់ប្រឈមនឹងបញ្ហានយោបាយដែរ។ ក្នុងឆ្នាំ ២០១៨ គាត់ត្រូវបានគេចោទប្រកាន់ថា បានដំណើរការគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកាលណោះបានបង្ហោះការអត្ថាធិប្បាយប្រមាថអំពីអ្នកនយោបាយគូប្រជែង។
នៅឆ្នាំ ២០២២ គាត់ត្រូវបានគេស៊ើបអង្កេតពីបទប្រើប្រាស់ប័ណ្ណឥណទានរបស់រដ្ឋាភិបាលខេត្ត Gyeonggi សម្រាប់ការចំណាយផ្ទាល់ខ្លួន។ អាជ្ញាធរបានចោទប្រកាន់លោកស្រីពីបទបំពានច្បាប់បោះឆ្នោត ហើយការកាត់ក្តីលើកដំបូងបានធ្វើឡើងនៅឆ្នាំ ២០២៤។ នៅថ្ងៃទី ១២ ខែឧសភា លោកស្រី Kim ត្រូវបានពិន័យជាប្រាក់ចំនួន ១.៥ លានវ៉ុន (១,១០០ ដុល្លារ) ដោយតុលាការឧទ្ធរណ៍។ ប៉ុន្តែលោកស្រីមិនទទួលយកសាលក្រមខាងលើនេះទេ ហើយបានប្ដឹងទៅតុលាការកំពូល។ ដោយសារតែរឿងអាស្រូវខាងលើនេះ ស្រ្តីវ័យ៥៩ឆ្នាំនៅតែរក្សាបាននូវកម្រងរូបភាពក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលថ្មីៗនេះរបស់ស្វាមីប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី