ព័ត៌មានជាតិ
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង នៅព្រឹកថ្ងៃអាទិត្យនេះ បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ នៅចំពោះមុខកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានប្រតិកម្មទៅសម្តីរបស់រដ្ឋមន្រ្តីការពារជាតិថៃដែលចង់ប្រើកម្លាំងទ័ពការពារអធិបតេយ្យរបស់ថៃ។ សម្តេច ហោ ណាំហុង បានចោទសួរថា តើសព្វថ្ងៃនេះអធិបតេយ្យភាពថៃនៅឯណា?

លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថ្មីៗនេះ បានអះអាងថា រដ្ឋាភិបាល និងយោធាថៃចង់ចរចាជាមួយកម្ពុជា ដើម្បីកំណត់ព្រំដែនរវាងប្រទេសទាំង២ ប៉ុន្តែ ប្រមុខការពារជាតិថៃរូបនេះ ក៏បានបន្ថែមថា កងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ប្រទេសថៃ។ ត្រង់ពាក្យថា អធិបតេយ្យភាពរបស់ថៃនេះ ដែលធ្វើអតីតប្រមុខការទូតកម្ពុជា អត់ទ្រាំពុំបាន ក៏បានប្រតិកម្មតបទៅវិញនៅចំពោះមុខកងទ័ពកម្ពុជា។
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានប្រតិកម្មដោយចោទសួរទៅលោក Phumtham Wechayachai យ៉ាងដូច្នេះថា៖ «តើសព្វថ្ងៃនេះ អធិបតេយ្យភាពថៃនៅឯណា? អធិបតេយ្យភាពថៃ នៅតំបន់មុំបី មានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ឬយ៉ាងម៉េច? ព្រោះថៃចង់បានប្រាសាទនេះយូរយារណាស់មកហើយ»។

ជាមួយនឹងការលើកឡើងបែបនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានអះអាងឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃនេះដោយសន្តិវិធី គឺតាមរយៈការចរចា និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមប្រើកម្លាំងយោធាផងដែរ បើមានការឈ្លានពានណាមួយមកលើដែនអធិបតេយ្យរបស់កម្ពុជា។
សូមបញ្ជាក់ថា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាប្រមុខការទូតកម្ពុជាដ៏ឆ្នើម និងជាឥស្សរជនកម្ពុជាដែលបានដឹកនាំការតតាំងយកឈ្នះក្តីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ក្រោមការចង្អុលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន ដែលកាលណោះជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥៥ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣៣ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


